មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបើកកិច្ចប្រជុំបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៧៧.អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ក្រុង ។ អញ្ជើញចូលរួមក្នុងប្រជុំនេះមានលោកមិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ក្រុមទីប្រឹក្សាផែនការរៀបចំដែនដី និង មន្ទីរអង្គភាពដែលពាក់ព័ន្ធ នាថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង។

ក្រុមទីប្រឹក្សាផែនការរៀបចំដែនដី តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានធ្វើបទបង្ហាញស្តីពីការរៀបចំផែនការ នីតិវិធីក្នុងការប្រមូលទិន្នន័យនានាដែលពាក់ព័ន្ធក្នុងការចុះបញ្ជី ការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុងសម្រាប់ខេត្តស្ទឹងត្រែង ។ ដោយក្នុងនោះក៏បានជំរុញឲ្យមន្ទីរដែលពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ដែលជាមន្ទីរគោលក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលមួយនេះឲ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ ។

លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ គឺមានគោលបំណងដើម្បីបែងចែកភារកិច្ចដល់សមាជិកលេខាធិការដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ក្នុងការអនុវត្តរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្ត។ គោលនយោបាយ និង ក្របខ័ណ្ឌគតិយុត្តិពាក់ព័ន្ធនឹងការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ក្រុង ស្រុក និងប្លង់គោលប្រើប្រាស់ដីថ្នាក់ ឃុំ សង្កាត់ ដើម្បីផ្ដួចផ្ដើមរៀបចំគាំទ្របច្ចេកទេសនិងសម្របសម្រួលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ។

លោកបានបន្តថា ដើម្បីសម្របសម្រួលសហការជាមួយមន្ទីរនិងអង្គភាពពាក់ព័ន្ធ ទាំង២២អង្គភាព ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត និងប្លង់គោលប្រើប្រាស់ដីថ្នាក់ ក្រុង ស្រុក។ដូចនេះ មន្ទីរអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមរៀបចំសំណុំឯកសារជូនគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ខេត្តដើម្បីពិនិត្យនិងសម្រេចលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ថ្នាក់ខេត្ត និងប្លង់គោលប្រើប្រាស់ថ្នាក់ក្រុង ស្រុក ព្រមទាំងដើម្បីស្នើសុំការយល់ព្រមពីរាជរដ្ឋាភិបាលលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត។
ដូចនេះលេខាធិការដ្ឋាន ត្រូវសិក្សាស្រាវជ្រាវប្រមូលផ្ដុំចងក្រងនិងរក្សាទុកឯកសារព័ត៌មានប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្តក្រុងស្រុកនិងប្លង់គោលប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។ដោយមាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print