ភ្នំពេញ៖ បើយោងតាមអត្ថបទ Wikipedia បានបញ្ជាក់ឱ្យដឹងថា៖ សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករជនជាតិបារាំងឈ្មោះ ចច ហ្រ៉ូសលីយេ (George Groslier) មានបណ្ដោយ ៥៤ម៉ែត្រ និងជម្រៅ ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់ ២ម៉ែត្រកន្លះ។
ពិធីសម្ពោធបានប្រព្រឹត្តិទៅ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ សារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត៕
ដោយ៖ សិលា