អន្តរជាតិ៖ មេដឹកនាំហុងកុង លោកស្រីការី ឡាំ បានលើកឡើនៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញថា ប្រជាជនគួរតែស្នាក់នៅផ្ទះបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19។ លោកស្រីបន្ថែមថា ទីក្រុងហុងកុង បច្ចុប្បន្នកំពុងស្ថិតលើមាត់ជ្រោះ នៃការផ្ទុះកូរ៉ូណាវីរុសជាសហគមន៍ទ្រង់ទ្រាយធំ ដែលអាចនាំឲ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងប្រជាជន ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ដើម្បីទប់ស្កាត់ការរាតត្បាត នៃCOVID-19 រដ្ឋាភិបាលតំបន់ស្វយ័តមួយនេះ បានចេញវិធានការមួយចំនួនដូចជា ហាមការជួបជុំមនុស្សលើសពីពីរនាក់ ហាមបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន តម្រូវឲ្យប្រជាជនពាក់ម៉ាស់នៅទីសាធារណៈ រក្សាគម្លាតសុវត្ថិភាព និងវិធានការផ្សេងទៀត។ ចំណាក់ការទាំងនេះ មានសុពលភាព ចាប់ពីថ្ងៃទី២៩ខែកក្កដា តទៅ។
សូមជម្រាបថា ទីក្រុងហុងកុង នៅថ្ងៃទី២៨ ខែកក្កដា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ថ្មីចំនួន ១០៦ករណី ក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ៩៨ករណី។ ចំនួននេះ គឺធ្លាក់ចុះបន្តិច បើធៀបនឹងតួលេខនៅពេលកន្លងមក ដែលមានករណីលើសពី ១១០ករណី។
គួរបញ្ជាក់ថា ទាក់ទិននឹងករណីឆ្លង COVID-19 នៅក្នុងក្រុងនេះ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «យើង គឺស្ថិតនៅលើមាត់ជ្រោះនៃការផ្ទុះCOVID-19 ជាសហគមន៍ទ្រង់ទ្រាយធំ ដែលអាចបង្កឲ្យប្រព័ន្ធមន្ទីរពេទ្យដួលរលំ និងប៉ះពាល់ដល់អាយុជីវិតប្រជាជនជាច្រើននាក់ ជាពិសេសគឺមនុស្សចាស់»។ លើសពីនេះទៅទៀតលោកស្រី ការីឡាំ បានជំរុញឲ្យប្រជាជន អនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព វិធានការរដ្ឋាភិបាលឲ្យបានម៉ត់ចត់ និងស្នាក់នៅផ្ទះបណ្តោះអាសន្នសិនដើម្បីការពារការឆ្លងកូរ៉ូណាវីរុស។
បើគិតមកត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុងហុងកុងមានករណីឆ្លង COVID-19 សរុបចំនួន ២៨៨៥ករណី អ្នកស្លាប់ចំនួន ២៣នាក់ និងអ្នកជាសះស្បើយមានចំនួន ១៥២៧នាក់។ ក្នុងរយៈពេលចុងក្រោយនេះ ករណីឆ្លងCOVID-19 នៅក្នុងក្រុងហុងកុង បានហក់ឡើងលើសពី១០០ករណី ខណៈការបោះឆ្នោតសភា ជិតមកដល់នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ៕ដោយ៖ស តារា