តាមឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញបុរសម្នាក់យកទឹកមាត់លាបលើទំនិញដាក់លក់ក្នុងផ្សារទំនើប ហើយទំនិញដែលបុរសខាងលើលាប គឺជាអាហារស្ងួតដែលពលរដ្ឋអាចទិញយកទៅរក្សាទុកក្នុងពេលទីក្រុងបិទទ្វារដោយសារកូវីដ-១៩។
នៅរសៀលថ្ងៃទី ២៩ ខែកក្កដា លោក ង្វៀង វាំុង ហ្វឹក ប្រធានគណៈកម្មការខណ្ឌ ហៃចូល ទីក្រុងដាណាង បានសហការជាមួយ កម្លាំងសន្តិសុខបិទទ្វារផ្សារខាងលើ ហើយស្វែងរកបុរសដែលមានសកម្មភាពចម្លែកខាងលើ។ បុរសមិនស្គាល់អត្តសញ្ញាណមានចេតនា លាបទឹកមាត់ដើម្បីចម្លងមេរោគក្នុងពេលទីក្រុងនេះមានករណីឆ្លងកូវីដ១៩កើនឡើងខ្ពស់។
តាមឃ្លីបកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សាយទំនើប នៅវេលាម៉ោង ១៤ ថ្ងៃទី២៩ខែកក្កដា បុរសស្លៀកខោខ្លី ពាក់អាវយឺតខ្មៅឈរមើលអីវាន់ក្នុងផ្សារ។ ក្នុងពេលគ្មានអ្នកចាប់អារម្មណ៍ បុរសរូបនេះបានយកដៃលាបទឹកមាត់ហើយប៉ាតទៅលើទំនិញ ។ ទំនិញជាច្រើនប្រភេទ ដែលជាអាហាររក្សាទុកបានយូរគឺត្រូវបរុសខាងលើលាបទឹកមាត់ទាំងអស់ ។
កន្លងមក នៅក្នុងបណ្តាញសង្គម គឺឃើញនៅក្នុងប្រទេសចិន អាមេរិក ក៏មានសកម្មភាពបែបនេះនៅក្នុងផ្សារទំនើប ជណ្តើរយន្ត… ដែលជាចេតនាចម្លងមេរោគកូវីដ-១៩ ដែលខ្លួនបានផ្ទុកហើយនោះ។ ទាំងនោះជាសកម្មភាព អាក្រក់បំផុត ដែលសង្គមមិនអាចទទួលយកបានឡើយ៕
ដោយ៖ ធី រីណា