ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានធ្វើការណែនាំ ដល់មន្រ្ដី ជាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជា សាសនិកឥស្លាមទាំងអស់ ត្រូវ បន្ដគាំទ្រ នូវរាល់ស្នាដៃ និងសមិទ្ធផលនានា ដែលកើតឡើង នៅទូទាំងប្រទេស របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លោកបានធ្វើការណែនាំបែបនេះ ក្នុងខណៈដែលលោកចូលរួមផ្សព្វផ្សាយ ខ្លឹមសារអនុសាសន៍ សម្ដេចតេជោ កាលពីរសៀល ថ្ងៃទី៣១ មករា ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានសមាជិក ចូល រួមប្រមាណ២៤០នាក់។

លោក អូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖ បងប្អូន ជាសាសនិកឥស្លាមយើងទាំងអស់ត្រូវតែគាំទ្រ នូវរាល់សមិទ្ធផលនានា របស់សម្ដេចតេជោ ដែលបាន កើតឡើងនូវទូទាំងប្រទេស ក៏ដូចជាសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចជូនបងប្អូនផ្ទួនៗ ដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដូចជាការលប់ចោលការធ្វើប័ណ្ណ បើកបរទោ ចក្រយានយន្តដែលមានទំហំ ១២៥សេសចុះក្រោម បញ្ចុះតម្លៃការចុះបញ្ជីមូតូ រថយន្ត៥០% និងប័ណ្ណបើកបររថយន្តគ្រប់ប្រភេទដែលចំណាយថវិការកម្រិតទាបបំផុត ការលើកលែងលើពន្ធប្រថាប់ត្រា ការបញ្ឍប់បង់ថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ និងការដកប្រាសាទអង្គរវត្តពីការគ្រប់គ្រងរបស់ក្រុមហ៊ុន ឯកជនជាដើម។
ក្នុងឳកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងអំពីការកំណត់ ទិសដៅពេលខាងមុខមួយចំនួនរបស់រាជរដ្ឋាភិបាលដូចជា នៅឆ្នាំ២០១៧តម្លៃភ្លើងអគ្គីសនីទូទាំងប្រទេស នឹងចុះថ្លៃដល់ ៦១០រៀលក្នុង១គីឡូវ៉ាត់ នៅឆ្នាំ២០២០ ពលរដ្ឋកម្ពុជាទូទាំងប្រទេស នឹងមានភ្លើងអគ្គីសនី ប្រើប្រាស់គ្រប់ៗគ្នា និងពីឆ្នាំ២០១៨ ប្រាក់បៀវត្សមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័នយ៉ាងតិច១លានរៀល។ ក្នុងឳកាសននេះដែរ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានពាំនាំចំណុចមួយចំនួននៃខ្លឹមសារអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលមានដូចជា បន្តក្តាប់អោយបានប្រភពហិរញ្ញវត្ថុរបស់ជាតិ ក្តាប់ឲ្យបាននូវអំណាចរបស់រដ្ឋ កងទ័ព តុលាការ និងអំណាចផ្សេងៗ ត្រូវបង្ហាញលទ្ធផលជាក់ស្តែងដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការសាមគ្គី រវាងសមាជិក ក្នុងគណបក្សទាំងថ្នាក់លើនិងថ្នាក់ ក្រោមបន្តក្តាប់អោយបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការគោរពច្បាប់ ពង្រឹង និងគ្រប់គ្រងឲ្យកាន់តែប្រសើរនូវការងារទំនាក់ទំនងបរទេស ៕


...
ដោយ៖ សំរិត