ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ រហូតបាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះរូបនេះជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្ដបើកច្រាស់ទិសគ្នាដួលបោកទៅលើផ្លូវហើយត្រូវរថយន្ដ១គ្រឿងទៀតបើកកិនពីលើ ។
ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុកកំពូល ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ម៉ាញ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអញ្ចាញក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកហុងដាគុប ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខយ.៩០៩៥-ភព១ ។ ចំណែកឯរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខភ្នំពេញ3D-2907 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯកតាមបណ្ដោយផ្លូវជាតិលេខ៦ ហើយបានបត់ឡើងលើស្ពានព្រែកតាមាក់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ខណៈជិះដល់លើស្ពានជនរងគ្រោះបានព្យាយាមបើកម៉ូតូជែងរថយន្ដខាងលើ គ្រានោះបានប៉ះដៃចង្កូតជាមួយរថយន្ដបើកច្រាស់ទិសគ្នាបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅលើស្ពានហើយក៏ត្រូវរថយន្ដខាងលើនេះបើកកិនពីលើ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
បន្ទាប់ពីបើរថយន្ដកិនមនុស្សស្លាប់អ្នកបើកបររថយន្ដបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯរថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៏ធ្វើការវាស់វែង ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ