ខេត្តរតនគីរី៖ ទោះបីរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីតម្រូវអោយក្រុមយុវនិស្សិតចុះមកវាស់វែងជូនប្រជាពលរដ្ឋដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់មកទល់ពេលនេះ ការទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុនវិនិយោគដីសម្បទាននូវតែកើតមានដដែល ។
ជាក់ស្តែងមានក្រុមហ៊ុនមួយដែលមានឈ្មោះថា រ័ត្ន សាខន ដែលមានទីតាំងនៅភូមិសមុតលើ ឃុំសេដា ស្រុកលំផាត់ ជាប់ព្រំប្រទល់ភូមិតាកុកព្នង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង និងជនជាតិចារាយនៅភូមិតាកុកព្នងចាស់ និងតាកុកព្នងថ្មី ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កំពុងខឹងសម្បាយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុន ហ្សូមវ៉ាង(ខេមបូឌា) វេសម៉ិនដែលទទួលម៉ៅការឈូសឆាយដាំចន្ទីអោយក្រុមហ៊ុនរ័ត្នសាខន កំពុងកាប់យកឈើមានតម្លៃ ព្រមទាំងឈូសឆាយ រានយកដីព្រៃដែលបណ្តាលឲ្យប៉ះពាល់ដីស្រែរបស់ពួកគាត់ដោយមានការឈ្លោះប្រកែកជាខ្លាំងរវាងសន្តិសុកក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ។
អាជ្ញាធរស្រុកលំផាត់ និងស្រុកអូរយ៉ាដាវបានសុំអោយក្រុមហ៊ុនផ្អាកការឈួសឆាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ រង់ចាំការដោះស្រាយសិន។
ប្រធានសហគមន៍នៅភូមិតាកុកព្នង បានអោយដឹងថា ពួកគាត់បានធ្វើស្រែនៅចំណុចអូររ៉ាម៉ៅខាងលិចភូមិតាកុកព្នង ដែលក្រុមហ៊ុនកំពុងឈូសឆាយនេះ៧ឆ្នាំ មកហើយប្រសិនក្រុមហ៊ុនឈានចូលមកឈួសឆាយយកពួកគាត់ពុំមានដីស្រែឯណាសំរាប់ធ្វើស្រែទៀតទេ។
ករណីខាងលើនេះលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ថា ក្រុមហ៊ុនប្រើប្រាស់ផែនទីខុសបណ្ដាលអោយមានភាពលំអៀងចូលដីស្រែប្រជាពលរដ្ឋ ហើយអាជ្ញាធរស្រុកអូរយ៉ាដាវ សហការជាមួយអាជ្ញាធរស្រុកលំផាត់ ចុះទៅអោយក្រុមហ៊ុនធ្វើការផ្អាកឈូសឆាយរួចម្ដងមកហើយ ។
បើនៅតែរឹងទទឹងអាជ្ញាធរស្រុកនឹងចុះទៅចាប់តែម្ដង ព្រោះថាអាជ្ញាធរធ្វើអ្វីដើម្បីប្រជាពលរដ្ឋអោយតែពួកគាត់ធ្វើត្រឹមត្រូវទៅតាមច្បាប់។
លោកនូ ថេរ អភិបាលស្រុកលំផាត់បានបញ្ជាក់តាមទូរស័ព្ទថា ចំណុចដែលមានបញ្ហានោះក្រុមហ៊ុនផ្អាកឈូសឆាយហើយលោកបានប្រជុំពិភាក្សារជាមួយថ្នាក់ខេត្តហើយថា ប៉ះពាល់ដីពួកគាត់ប៉ុន្មានតើត្រូវកាត់ខ្វៀលអោយពួកគាត់ប៉ុន្មានយើងនឹងដោះស្រាយសិន។
លោកបន្តថាកន្លងមកកាលពីក្រុមយុវនិស្សិតលេខ០១បានចុះវាស់វែងកាត់ខ្វៀលអោយពួកគាត់ចំណែកប្រជាពលរដ្ឋនៅឃុំតាកុកព្នងទាំងនោះមិនបានចូលរួមសហការណ៍ជាមួយក្រុមនិស្សិតនោះទេទើបមកទល់ពេលនេះមានផលលំបាកដូច្នេះ។
លោកទឹមស៊ីណាតប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង និងសូរិយាដីខេត្តបានអោយដឹងថាកាលនោះក្រុមយុវនិស្សិតបានចុះវាស់វែងជូនប្រជាពលរដ្ឋរួចរាល់ហើយតែរយៈពេលប៉ុន្មានឆ្នាំមកនេះមិនដឹងថាប្រជាពលរដ្ឋធ្វើស្រែចូលមកដីក្រុមហ៊ុនឫក្រុមហ៊ុនអាចឈូសចូលដីប្រជាពលរដ្ឋនោះទេ។
លោកមិនបានដឹងច្បាស់ដែរករណីនេះលោកនឹងពិក្សាជាមួយជំនាញពាក់ព័ន្ធនៅពេលក្រោយ ៕
ដោយ៖ អ៊ុច សាវុទ្ធ