អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper បានបញ្ជាក់ថា ក្នុងចំណោមកងទ័ពចំនួន១១,៩០០នាក់ដែលនឹងត្រូវដកចេញពីអាល្លឺម៉ង់កងទ័ពចំនួន៦,៤០០នាក់ នឹងត្រូវបញ្ជូនត្រឡប់មកផ្ទះវិញ។ ចំណែកយោធាចំនួន៥,៦០០ ផ្សេងទៀតត្រូវបង្វែរទៅកាន់ប្រទេសដែលជាសមាជិកណាតូដទៃទៀតដូចជាអ៊ីតាលី និងបែលហ្ស៊ិកជាដើម។
បើតាមមន្ទីរបញ្ចកោណអាមេរិក ក៏បានអះអាងថា កងទ័ពអាមេរិកចំនួន ១១,៩០០នាក់ នឹងត្រូវដកចេញពីអាល្លឺម៉ង់នៅប៉ុន្មានសប្ដាហ៍ខាងមុខ ហើយការដកទ័ពនេះជាយុទ្ធសាស្ត្របង្វែរកងទ័ព ប៉ុន្តែកន្លងទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកការ ដកទ័ពនេះជាពិន័យចំពោះអាល្លឺម៉ង់ដែលចំណាយលើកងទ័ពតិចពេក។
លោក Esper បានបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដាថា កងទ័ពនោះក៏អាចយកទៅឈរជើងនៅប្រទេសប៉ូឡូញ និងបណ្តាប្រទេសបាល់ទិកដូចជាអេស្តូនី លីទុយអានី និងឡេតូនី បើសិនជាមានកិច្ចព្រមព្រៀង។ ព្រោះកន្លងទៅ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់លើកឡើងថា ទ័ពអាមេរិកដែលដកពីអាល្លឺម៉ង់នេះ អាចត្រូវពង្រាយខ្លះនៅប៉ូឡូញដែលជាប់រុស្ស៊ី។ ប៉ូឡូញ ត្រូវការវត្តមានទ័ពអាមេរិកដើម្បីការពារខ្លួនពីការគំរាមរបស់រុស្ស៊ី ប៉ុន្តែអាមេរិកមិនអាចដាក់ទ័ពនៅជាប់រុស្ស៊ីបានឡើយ។
អាមេរិក នឹងត្រូវចំណាយច្រើនលើការកាត់បន្ថយកងទ័ពអាមេរិកដែលឈរជើងនៅអាល្លឺម៉ង់ ដែលក្រោយការកាត់បន្ថយនេះ វត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់ធ្លាក់មកនៅត្រឹមប្រមាណ ២៤,០០០នាក់។ ក្រៅពីដកទ័ពនេះ អាមេរិកក៏ប្ដូរទីស្នាក់កងទ័ពប្រចាំអឺរ៉ុបពីអាល្លឺម៉ង់ទៅបែលហ្ស៊ិកផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិ អាមេរិកបានអះអាងបន្ថែមថា ការកាត់ទ័ពពីអាល្លឺម៉ង់នេះ ជាផ្នែកមួយនៃផែនការដ៏ធំរបស់អាមេរិកក្នុងការបង្វែរកងទ័ពនៅជុំវិញពិភពលោក ដើម្បីទប់ទល់នឹងការគម្រាមកំហែង និងបង្កើនភាពបត់បែន នៅក្នុងចំណោមសម្ព័ន្ធភាពណាតូ។ ការសម្ញែងឥទ្ធិពលដើម្បីទប់ទល់ការគំរាមពីរុស្ស៊ីដែលអាចនឹងកើតមានឡើងនៅពេលខាងមុខ គឺជាគោលដៅនៃការដកទ័ពនេះដែរ។
សូមជម្រាបថា កងទ័ពអាមេរិក មានវត្តមាននៅអាល្លឺម៉ង់តាំងតែពីចប់សង្គ្រាមលោកលើកទី២។ ក្នុងអំឡុងសង្គ្រាមត្រជាក់ អាមេរិកមានកងទ័ពរបស់ខ្លួនដល់ទៅ២សែននាក់ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីទប់ទល់នឹងគំរាមកំហែងសន្តិសុខពីសហភាពសូវៀត។ ក្រោយសង្គ្រាមត្រជាក់បានផុតរលត់ទៅ អាមេរិកបានកាត់បន្ថយកងទ័ពពីអាល្លឺម៉ង់ ក៏ដូចជាអឺរ៉ុបទាំងមូល ប៉ុន្តែការព្រួយបារម្ភសន្តិសុខពីបណ្តាប្រទេស ណាតូកើតមានឡើងសារជាថ្មី ក្រោយពេលរុស្ស៊ីផ្តាច់យកទឹកដីកោះគ្រីមៀ របស់អ៊ុយក្រែននៅឆ្នាំ២០១៤។
លោកដូណា ត្រាំ ជាអ្នកទាមទារឲ្យដកទ័ពអាមេរិកពីអាល្លឺម៉ង់ ដោយលោកចោទសម្ព័ន្ធមិត្តមួយនេះថា មិនព្រមបង្កើនការចំណាយឲ្យណាតូ។ លើសពីនោះ លោក ត្រាំ ក៏មិនពេញចិត្តអាល្លឺម៉ង់ដែលកេងចំណេញផ្នែកពាណិជ្ជកម្មពីអាមេរិកទៅទៀត៕ដោយ៖ស តារា