ភ្នំពេញៈ រលកទី២នៃជំងឺកូវីដ_១៩ កំពុងអង្រួនសុខភាពនិងជីវភាពមនុស្សលោកជាសកល ។ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីវិធាន
ការបង្ការ ទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកទៅអនុវត្តនិងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ។
អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានណែនាំឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌនិងលោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងភោជនីយដ្ឋាន ក្លិបកម្សាន្តនិងខារ៉ាអូខេ អេភ្លឺស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ការចុះទៅពិនិត្យទីតាំងខាងលើនេះសមត្ថកិច្ចចម្រុះមិនបានឃើញមានបើកសេវាកម្មខារ៉ាអូខេនោះទេ តែសមត្ថកិច្ច
ក៏បានណែនាំដល់ម្ចាស់ទីតាំងដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាតម្រូវឱ្យម្ចាស់ទីតាំងត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ រួមជាមួយលោកអភិបាលខណ្ឌច្បារអំពៅ ។
លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌបានប្រាប់ថា អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះធ្វើរដ្ឋបាលតាមទីតាំងភោជនីយដ្ឋាន ក្លិបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌ ដោយណែនាំឱ្យម្ចាស់ទីតាំងត្រូវចូលរួមអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យខាងតែបាន បើម្ចាស់ទីតាំងណាបំពាននិឹងត្រូវប្រឈមមុខវិធានការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះដែរលោកនាយករងបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ព័ត៌មានពីទីតាំងណាដែលមានលួចបើកជាក្លិបកម្សាន្តឬខារ៉ាអូខេ បំពាននិឹងការណែនាំរបស់អាជ្ញាធរខណ្ឌ ។ បើមានលួចបើកមែនគណៈបញ្ជាការឯកភាពខណ្ឌនិឹងចាត់វិធានការតាមផ្លូវច្បាប់ ៕