ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅស្នាក់ការអង្គការYUNDI មានរៀបចំកម្មវិធីតាមដានវឌ្ឍនភាពជំងឺ និងផ្តល់អាហារូបត្ថម្ភជូនកុមារបេះដូងចំហចំនួន១៣រូប ដែលត្រៀមនឹងបញ្ជូនទៅវះកាត់និងព្យាបាលនៅប្រទេសចិន។ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង១៣រូបនេះ លោក LUO ZHI ប្រធានអង្គការYUNDIបានមានប្រសាសន៍ថា ដោយសារបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតជាសកលនៃជំងឺCOVID-19 ទើបបានរារាំងដល់កុមារទាំង១៣រូបដែលត្រូវបានក្រុមវេជ្ជបណ្ឌិតជំនាញបានកំណត់រោគវិនិច្ឆ័យថាមានជំងឺបេះដូងចំហ ហើយដែលត្រូវទៅទទួលការវះកាត់និងការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន។ បើទោះបីជាស្ថិតនៅក្នុងភាពរង់ចាំនេះ អង្គការYUNDIបានបន្តការងាររបស់ខ្លួនដោយសហការជាមួយក្រុមវេជ្ជបណ្ឌិតជំនាញក្នុងការពិនិត្យនិងតាមដានវឌ្ឍនភាពនៃសុខភាពរបស់កុមារទាំង១៣រូបនេះ។ ជាក់ស្តែង ការអញ្ជើញកុមារទាំង១៣រូបមកចូលរួមក្នុងកម្មវិធីនាថ្ងៃនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់ជូននូវការថែទាំសុខភាព ការបង្ការខ្លួនពីការរាតត្បាតជាសកលនៃជំងឺCOVID-19 និងការផ្តល់ជូននូវអាហារូបត្ថម្ភមួយចំនួនជូនដល់កុមារទាំង១៣រូបនេះ។
តំណាងអាណាព្យាបាលកុមារទាំង១៣រូប លោក ឈី រ៉ា ដែលជាឪពុករបស់កុមារ ឆយ ដារ៉ូ រស់នៅខេត្តកំពត បានថ្លែងអំណរគុណដល់អង្គការYUNDI និងអរគុណដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដោយលើការពិនិត្យ និងការតាមដានសុខភាពជូនដល់កូនរបស់លោក ហើយជាពិសេសតែងបានស្វះស្វែងរកនូវថវិកា សម្ភារៈ និងអាហារូបត្ថម្ភជួយឧបត្ថម្ភដល់កូននិងក្រុមគ្រួសាររបស់លោក បន្ថែមពីការជួយដល់កូនរបស់លោកត្រៀមទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា គិតរហូតដល់ចុងឆ្នាំ២០១៩ អង្គការYUNDIបានជួយដល់កុមារចំនួន៨៧រូបទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFUWAI ហើយលើសពីនេះក្រោមជំនួយYUNNAN AID អង្គការYUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ក្រុមគ្រួសារកុមារដែលមានជំងឺបេះដូងចំហថែមទៀតផង៕
ដោយ៖ សិលា