គណបក្សប្រជាធិបតេយ្យអាមេរិក ដែលមានលោកចូ បៃឌិន ជាបេក្ខភាពបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ហើយលោកត្រាំមិនព្រមចុះចេញពីអំណាច។ ក្តីបារម្ភរបស់គណបក្សប្រជាធិបតេយ្យកើតឡើងក្រោយពេលដែលលោកត្រាំស្នើពន្យារពេលបោះឆ្នោត។
សំណើពន្យារពេលបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឬបង្កផលលំបាកក្រោយការបោះឆ្នោត ។ កាលពីថ្ងៃទី៣០ខែកក្កដា ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសលើបណ្តាញសង្គមរបស់លោក ពីគម្រោងស្នើសុំពន្យារពេលបោះឆ្នោត នៅថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ ប៉ុន្តែសំណើរបស់លោកត្រាំមិនអាចសម្រេចបាននោះឡើយដោយសិទ្ធិក្នុងការសម្រេចគឺរដ្ឋសភាអាមេរិក ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៨៤៥ រហូតមកដល់ពេលនេះ សភាអាមេរិកមិនដែលពន្យារពេលបោះឆ្នោតនោះឡើយ ។ ដូច្នេះលោកត្រាំក៏មិនអាចបង្កើតប្រវតិ្តសាស្ត្ររបស់ខ្លួនតាមរយៈការពន្យារពេលបោះឆ្នោតនោះដែរ។
នៅថ្ងៃទី៣១ ខែកក្កដានេះ ប្រធានាធិបតីត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមTwitter របស់ថា លោកមិនចង់ពន្យារពេលបោះឆ្នោត ឆ្នាំ២០២០នោះឡើយ ប៉ុន្តែលោកបារម្ភពីការបោះឆ្នោតមានបញ្ហាមិនប្រក្រតី ដោយការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍។ លោកត្រាំបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ២០២០នេះ អាចក្លាយជាការបោះឆ្នោតមិនមានតម្លាភាពក្នុងប្រវត្តិសាស្ត្រអាមេរិក៕
ដោយ៖ ធី រីណា