ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅថ្ងៃទី៣១ខែកក្កដា បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្កើន ការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩។ បច្ចុប្បន្ន កូរ៉េខាងជើង នៅតែ ជាប្រទេសមិនមានករណីឆ្លងកូវីដ១៩ដែល ក្រោយពេលបុរសដែលរត់ពីកូរ៉េខាងត្បូង មកកាន់កូរ៉េខាងជើងនោះធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩ ។
កាលពីចុងសប្តាហ៍កន្លងមក កូរ៉េខាងជើង បានប្រកាសអាសន្ន ហើយបិទទីក្រុង កេស៊ុងទាំងមូល ក្រោយ បុរសម្នាក់លួចឆ្លងដែនពីកូរ៉េខាងត្បូងមក ។ ប៉ុន្តែលទ្ធផលធ្វើតេស្តមិនមានផ្ទុកកូវីដ ១៩នោះឡើយ។ បុរសដែលឆ្លងដែនខុសច្បាប់នោះត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដាន។
តាមសារព័ត៌មានRodong Sinmun គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងព្យុងយ៉ាងបានបង្កើនទីតាំងត្រួតពិនិត្យ ផ្លូវចេញចូលទីក្រុងទាំងមូលដើម្បីទប់ស្កាត់ការចម្លងកូវីដ១០០ភាគរយ ចូលមកកាន់ទីក្រុងនេះ ពិសេសគឺស្ថានីយ៍រថភ្លើង និងរថយន្តក្រុង។
សារព័ត៌មានRodong Sinmun បានផ្សាយថា មានទីតាំងត្រួតពិនិត្យថ្មី ៤០កន្លែងទើបតែបង្កើតឡើង ដើម្បីត្រួតពិនិត្យអ្នកដំណើរចេញចូល ។ កាលពីថ្ងៃទី ៣០ខែកក្កដា បុគ្គលដែលមានឥទ្ធិពលលំដាប់ទីពីរនៅកូរ៉េខាងជើង លោកChoe Ryong Hae បានទៅត្រួតពិនិត្យទីក្រុង កេស៊ុង ដើម្បីត្រួតពិនិត្យសកម្មភាពទប់ស្កាត់ការឆ្លងកូវីដ១៩៕ ដោយ៖ធីរីណា