ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះជាមួយក្រុមតោខៀវ Chelsea ដើម្បីប្រជែងយកពានរង្វាន់អង់គ្លេស FA Cup ដែលជាពានធំលំដាប់ទី២របស់អង់គ្លេស។ ក្រុមទាំង២ទម្រាំតែឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បានយកឈ្នះក្រុមខ្លាំងៗក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមកហើយ។
កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមមេឃខៀវ Man City ក្នុងលទ្ធផល២ទល់០កាលពីថ្ងៃទី១៩ កក្កដាកន្លងទៅ។ ចំណែកក្រុមតោខៀវ Chelsea ក៏បានបំបាក់ក្រុមខ្លាំងបិសាចក្រហម Manchester United ក្នុងលទ្ធផល៣ទល់១ដែរកាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី២០ កក្កដាកន្លងទៅ។ ក្រុមកាំភ្លើងធំរដូវកាលនេះហាក់ធ្វើមិនសូវបានល្អនោះទេ ដោយឈរចំណាត់ថ្នាក់លេខ៨ មិនបានលេងក្នុងក្របខ័ណ្ឌ UEFA Champions League ឬ UEFA Europa League នោះទេ។ ចំណែកក្រុមតោខៀវ Chelsea ទទួលបានចំណាត់ថ្នាក់ល្អ ដោយឈរលេខ៤ក្នុងលីកកំពូលអង់គ្លេសរដូវកាលនេះមានកៅអីទៅលេងក្របខ័ណ្ឌ UEFA Champions League រដូវកាលក្រោយបាន។
សម្រាប់ប្រវត្តិជួបគ្នា៧ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺ Chelsea ឈ្នះ៣ដង ហើយArsenal ឈ្នះ៣ដងដែរ មានន័យថា ទិន្ន័យជួបគ្នានេះក្រុមទាំងពីរមានប្រវត្តិឈ្នះស្មើគ្នា។ ថ្ងៃជួបគ្នាចុងក្រោយរបស់ក្រុមទាំង២គឺលទ្ធផល២ទល់២។ សម្រាប់ការប្រកួតនៅរាត្រីនេះក្រុមទាំង២សុទ្ធតែមានភាពជឿជាក់រៀងៗខ្លួនដោយសង្ឃឹមទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ថា ក្រុមទាំង២ប្រសិនបើក្រុមមួយណាលើកពាន FA Cup នេះនឹងមានសិទ្ធិទៅប្រកួតជាមួយក្រុមជើងឯកលីកកំពូលអង់គ្លេសគឺប៉ះជាមួយហង្សក្រហម Liverpool ក្នុងពានរង្វាន់ Community Shield នៅខែពាក់កណ្តាលខែសីហាខាងមុខ។ ក្រុម Chelsea នឹងត្រូវប៉ះក្រុម Arsenal នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រយប់នេះម៉ោងនៅកម្ពុជា ក្នុងកីឡដ្ឋាន Wembley stadium ។ ក្រុមChelsea ធ្លាប់ឈ្នះពានរង្វាន់ FA Cup ចំនួន៨ដង ខណៈក្រុម Arsenal ធ្លាប់ឈ្នះ១៣ដង ដែលមិនទាន់មានក្លិបណាឈ្នះលើសក្រុមនេះនៅឡើយទេ រហូតមកដល់ពេលនេះ ៕
ដោយ៖ ភារៈ