ព្រេងខ្មែរ÷ រឿងកំពង់ខ្សាច់ស (នៅ​ខេត្ត​ព្រៃវែង)

ចែករំលែក៖

នៅ​ក្នុង​ឃុំ​រាក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ភូមិ​មួយ​ដែល​នៅ​ខាង​លិច​គោក​សណ្ដែក ចម្ងាយ​ប្រមាណ ៣ គ.ម. គេ​ហៅ​ភូមិ​នេះ​ថា “កំពង់​ខ្សាច់​ស” ។ កាល​ពី​ដើម កំពង់​ខ្សាច់​ស ជា​ទី​ប្រជុំ​ជន​នៃ​សាលា​ស្រុក​បាភ្នំ ។ ដោយ​ទឹក​ជន​លិច​ជា​ញឹក​ញយ​ពេក រាជការ​ក៏​រើ​សាលា​ស្រុក​អំពី​កំពង់​ខ្សាច់​ស ទៅ​ដាក់​នៅ​សង្កាត់​ឈើ​កាច់​វិញ ។ កំពង់​ខ្សាច់​ស ស្ថិត​នៅ​ជាប់​នឹង​មាត់​បឹង​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ព្រម​ទាំង​សម្បូណ៌​ដោយ​មច្ឆជាតិ​ផង ។ នៅ​ខែ​វស្សា បឹង​ខ្សាច់​ស មាន​ទឹក​ល្ហល្ហាច​ប្រៀប​បាន​នឹង​បឹង​ទន្លេ​សាប នា​រដូវ​ប្រាំង, ប៉ុន្តែ នៅ​រដូវ​ប្រាំង បឹង​នេះ រួម​មក​នៅ​តូច​វិញ ។

មុន​ឆ្នាំ ១៩៥០, កំពុង​ខ្សាច់​ស ជា​ផ្សារ​មួយ​យ៉ាង​ធំ​មធ្យម ប្រកប​សោយ​សេចក្ដី​សុខ​សប្បាយ​រុង​រឿង ប៉ុន្តែ​ដោយ​ស្រុក​មាន​អសន្តិសុខ ក្នុង​សម័យ​នោះ អ្នក​ផ្សារ ក៏​នាំ​គ្នា​រត់​ឡើង​ទៅ​នៅ​ឯ​គោក​សណ្ដែក​ខ្លះ ទៅ​នៅ​ពាម​រក៍​ខ្លះ​អស់​ទៅ ។ សព្វ​ថ្ងៃ កំពង់​ខ្សាច់​ស ក្លាយ​ទៅ​ជា​ភូមិ​អ្នក​ស្រុក​ធម្មតា ។ បាន​ជា​ហៅថា “កំពង់​ខ្សាច់​ស” ដោយ​មាន​រឿង​ព្រេង​ដែល​ចាស់​ៗ និទាន​ត​ៗ មក​ថា ៖ ក្នុង​អតីត​កាល​យូរ​អង្វែង​ណាស់​មក​ហើយ ឮ​ថា មាន​ក្រពើ​ឈ្មោល ១ នៅ​ឯ​ភ្នំ​ជើង​មីដែង​ក្នុង​ស្រុក​កូសាំងស៊ីន មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ អាច​កាឡា​ខ្លួន​ជា​មនុស្ស​ក៏​បាន ជា​លោក​សង្ឃ​ក៏​បាន ។ ថ្ងៃ​មួយ ក្រពើ​នេះ បាន​កាត់​មក​រក​ប្រខាំ​គ្នា​នឹង​ក្រពើ​មួយ​ទៀត​នៅ​ទន្លេ​ហោះ​ហៀវ ក្នុង​សង្កាត់​កំពង់​ភ្នំ ស្រុក​លើក​ដែក (កណ្ដាល) ។ លុះ​មក​ដល់​ពាម (បាណាម) ដែល​មាន​ទន្លេ​បែក​ជា​បី ក្រពើ​នោះ​រក៍ 2 ទន្លេ​ហោះ​ហៀវ​មិន​ឃើញ ។ ត្រង់​នេះ គេ​សន្មត​ហៅ​ថា “ពាម​រក៍” រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ពេល​នោះ​ក្រពើ ក៏​បាន​ឃើញ​ទូក​តា​នឹង​យាយ​ពីរ​នាក់ ដែល​កំពុង​អុំ​ធ្វើ​ដំណើរ​ទៅ​កំពង់​ភ្នំ ក្រពើ​ក៏​កាឡា​ខ្លួន​ជា​ភេទ​លោក​នេន សុំ​ដោយ​សារ​ទូក​តា​និង​យាយ​នោះ​ទៅ ។ ក្នុង​ពេល​ដែល​តា​និង​យាយ​កំពុង​អុំ​ទូក លោក​នេន ក៏​សួរ​តា​ថា : ត្រង់​ណា​គេ​ហៅថា​ទន្លេ​ហោះ​ហៀវ​តា ? តា​ឆ្លើយ​ថា បន្តិច​ទៀត​ដល់​ហើយ ។ អើ​បើ​ដល់​ហើយ សូម​តា​ប្រាប់​អាត្មា​ផង ។ មិន​អី​ទេ ចាំ​ខ្ញុំ​ករុណា​ទូល​ពុទ្ធ​ដីកា ។

លុះ​តា និង​យាយ អុំ​ទូក​ដល់​ទន្លេ​ហោះ​ហៀវ ក៏​ប្រាប់​ថា : ត្រង់​នេះ​ហើយ​ហៅថា “ទន្លេ​ហោះ​ហៀវ​លោក​ចៅ !” ។ កាល​ដែល​បាន​ដឹង​ថា​ទន្លេ​ហោះ​ហៀវ​ហើយ លោក​នេន​នោះ​ក៏​កាឡា​ខ្លួន​ជា​ក្រពើ​ភ្លាម លោត​ចុះ​ទៅ​ក្នុង​ទឹក​ភ្លុង​បាន​ជួប​នឹង​ក្រពើ​ហោះ​ហៀវ​នោះ ក៏​ចាប់​ប្រខាំ​គ្នា​យ៉ាង​សម្បើម​អស្ចារ្យ, ដល់​ទី​បំផុត ក្រពើ​នៅ​ភ្នំ​ជើង​មីដែង ត្រូវ​ក្រពើ​ទន្លេ​ហោះ​ហៀវ​ខាំ​ដាច់​កន្ទុយ និង ខាំ​ត្រូវ​កន្លែង​ឯ​ទៀត​ជា​ដំណំ ។ ក្រពើ​ត្រូវ​របួស ក៏​ហែល​គេច​មក​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​បឹង​មួយ នៅ​ខាង​កើត​ពាម​រក៍ ។ លុះ​ដល់​មនុស្ស​គេ​ទៅ​ឃើញ​ក្រពើ​កំបុត​កន្ទុយ​នៅ​ក្នុង​បឹង​នោះ ក៏​នាំ​គ្នា​សន្មត​នាម​បឹង​នោះ​ហៅថា “បឹង​ក្រពើ​កំបុត​ៗ” រហូត​ដល់​សព្វ​ថ្ងៃ ។ លុះ​ភៀស​ខ្លួន​រួច​ពី​អាសន្ន​ធំ​ហើយ ក្រពើ​នោះ​ក៏​វារ​លូន​ទៅ​ទៀត ប្រាថ្នា​នឹង​វិល​ទៅ​លំនៅ​ខ្លួន​ឯ​ភ្នំ​ជើង​មីដែង​វិញ ដើម្បី​នឹង​ឲ្យ​បាន​ជួប​ប្រពន្ធ​កូន ប៉ុន្តែ​ជា​អកុសល លូន​មក​ដល់​ខាង​កើត​បឹង​នោះ ដែល​សព្វ​ថ្ងៃ​គេ​ហៅថា “ខ្សាច់​ស” ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ អ្នក​ស្រុក​នាំ​គ្នា​អារ​យក​សាច់ ហើយ​ចម្រាញ់​យក​ខ្លាញ់ ។ ដោយ​ហេតុ​តែ​ក្រពើ​នោះ មាន​ឫទ្ធិ​អំណាច អ្នក​ស្រុក​មិន​ហ៊ាន​អាស្រ័យ​ក៏​យក​ទៅ​ចាក់​ចោល​នៅ​វាល​ខ្សាច់ ។ សាច់​ក្រពើ​នោះ​ស ក៏​គេ​សន្មត​ហៅ​ទី​នោះ​ថា “ខ្សាច់​ស” ។ ខ្លាញ់​ក្រពើ​ដែល​ចម្រាញ់​បាន​នោះ គេ​យក​ទៅ​ចាក់​ចោល​ក្នុង​បឹង ១ ធំ ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ហើយ​គេ​សន្មត​ហៅ​បឹង​នោះ​ថា “បឹង​ចាក់​ខ្លាញ់” ទាំង​ភូមិ និង​វត្ត​នៅ​ក្បែរ​មាត់​បឹង​នោះ ក៏​ហៅថា “ភូមិ​ចាក់​ខ្លាញ់ វត្ត​ចាក់​ខ្លាញ់​ដែរ” រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ចំណែក​ក្រពើ​ញី, កាល​បើ​បាត់​ប្ដី​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​លា​កូន​មក​តាម​ប្ដី ។ លុះ​មក​ដល់​កណ្ដាល​ផ្លូវ បាន​ដឹង​ថា​ប្ដី​ស្លាប់​ទៅ​ហើយ ក៏​ទ្រោម​ពួន​ស្លាប់​ខ្លួន​នៅ​ទី​នោះ​ទៅ, ខ្មោច​ក្រពើ​នោះ​ឯង ក៏​ក្លាយ​ទៅ​ជា​ថ្ម​ដោយ​អំណាច​ឫទ្ធិ ។ កន្លែង​នោះ អ្នក​ស្រុក​សន្មត​ហៅ​ថា ថ្ម​ក្រពើ​ទ្រោម រហូត​ដល់​សព្វ​ថ្ងៃ ។ ឯ​កូន​ក្រពើ​ទៀត​សោត កាល​បើ​បាត់​មេ​បា​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​តាម​មក​ទៀត, មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ដឹង​ថា : មេ និង​បា​ខ្លួន​ស្លាប់​អស់​ហើយ ក៏​ក្រាំង​ខ្លួន​ស្លាប់​នៅ​ទី​នោះ​ទៀត​ទៅ, ទី​ក្រាំង​ខ្លួន​នោះ ក៏​ក្លាយ​ទៅ​ជា​ថ្ម​អំណាច​ឫទ្ធិ​ដែរ ។ ត្រង់​នោះ អ្នក​ស្រុក​ហៅ​ថា​ភូមិ​ថ្ម​ក្រាំង ហៅ​ក្លាយ​មក​ទៀត​ថា ភូមិ​ថ្ម​ទ្រាំង​នៅ​តែ​សព្វ​ថ្ងៃ​នេះ ។ ចម្ងាយ​ពី​ថ្ម​ក្រពើ​ទ្រោម ទៅ​ភូមិ​ថ្ម​ទ្រាំង​ប្រមាណ ១ គ.ម. នៅ​ខាង​កើត​ឆៀង​អាគ្នេយ៍​ផ្សារ​គោក​សណ្ដែក ក្នុង​សង្កាត់​រាក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print