ជនញៀនថ្នាំម្នាក់ លួចដុតហាងលក់គ្រឿងសំណង់របស់ចិន នៅផ្លូវ៦០ម៉ែត្រ ឆេះផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានធ្វើយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារហាងលក់គ្រឿងសំណង់ចិនមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ៦០ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នៅចំណុចផ្សារទំនើប “ហួរយាន” និងឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងយីហោ “ភីលីថុន” ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ខាងត្បូងច្រមុះជ្រូកក្បាលថ្នល់(ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនជាតិចិនជាម្ចាស់ហាងបិទទ្វារហាងចូលសម្រាកអស់ ស្រាប់តែមកដល់ម៉ោងកើតហេតុ មានជនសង្ស័យម្នាក់ បានដើរមកពីខាងត្បូងហាងដៃម្ខាងកាន់ដំបងឈើ និងដៃម្ខាងទៀត កាន់ពិល ដើររកមើលនេះមើលនោះ ហើយដើរកាត់ពីមុខហាងមកធ្វើសកម្មភាព វាយនិងកាច់កាមេរ៉ាសុវត្ថិភាពចេញ ដើម្បីកុំអោយឃើញសកម្មភាពរបស់គេ ហើយបានដុតបំផ្លាញ បំពង់ទុយោជ័រធំៗ ដែលដាក់ចោលពីចំហៀងខាងឆ្វេងមុខហាងកើតហេតុខាងលើ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ តែបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ប្រធានសន្តិសុខរួមទាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាង ដើម្បីកំណត់មុខសញ្ញា ស្រាប់តែប្រធានសន្តិសុខ ភ្ញាក់ព្រើតព្រោះជនដែលដុតបំផ្លាញនោះ ត្រូវបានគាត់ស្គាល់យ៉ាងច្បាស់ដែលគាត់ហៅឈ្មោះថា “អាស័ក្ត៣” ព្រោះជាអតីតកូនចៅរបស់គាត់ដែលជាសន្តិសុខយាមការដ្ឋានចិនមួយកន្លែង នៅម្ដុំផ្លូវ៦០ម៉ែត្រននោះដែរ តែដោយសារតែជននោះ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត មិនស្ដាប់បទបញ្ជាយាមកាម និងធ្វើរឿងរ៉ាវប្លែកៗពេក ទើបលោកឈប់អោយធ្វើការអស់ពេលជាង១ខែមកហើយ ហើយបែរជាមកធ្វើសកម្មភាពដូច្នេះទៅវិញ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានឲ្យជនជាតិចិនដែលជាម្ចាស់ហាង ឬតំណាងអ្នកបកប្រែ អាចទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើបាន ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដែលដុតបំផ្លាញសម្ភារហាងកើតហេតុនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print