អាមេរិក៖សេតវិមានអាមេរិក និងក្រុមឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃទី៣ខែសីហា ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមពេលវេលា ដែលបានគ្រោងទុកគឺនៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានការិយាល័យសេតវិមានលោកMark Meadows បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំបង្ហាញពីក្តីបារម្ភពីការបោះឆ្នោតតាមរយៈប្រៃសណីយ៍ មិនមែនពន្យាពេលបោះឆ្នោតនោះឡើយ។
លោកMark Meadows បញ្ជាក់នៅក្នុងកម្មវិធី“Face the Nation” របស់បណ្តាញព័ត៌មានCBSថា«យើងនឹងបោះឆ្នោតនៅថ្ងៃទី ៣ខែវិច្ឆិកា ហើយប្រធានាធិបតីត្រាំ នឹងបន្តទទួលបានជ័យជម្នះ»។
ជាមួយគ្នានេះដែរ ទីប្រឹក្សា យុទ្ធនាការឃោសនារបស់ប្រធានាធិបតី គឺលោកJason Miller បាននិយាយនៅក្នុងកម្មវិធី “Fox News Sunday” កាលពីថ្ងៃអាទិត្យកន្លងមកថា ប្រធានាធិបតីដូណាល់ ត្រាំ ចង់បានការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី៣ខែវិច្ឆិកា។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានស្នើឲ្យពន្យាពេលបោះឆ្នោតនៅអាមេរិក ប៉ុន្តែទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ ។ ក្រុមអ្នករិះគន់លោកត្រាំ បានបញ្ជាក់ថា សកម្មភាពស្នើពន្យាពេលបោះឆ្នោត គឺដើម្បីបង្វែរទិសដៅការចាប់អារម្មណ៍មកលើកការបោះឆ្នោត ជាជាង ការចាប់អារម្មណ៍ទៅលើ ការបរាជ័យក្នុងការដឹកនាំរបស់លោកត្រាំ ពិសេសគឺបញ្ហាសេដ្ឋកិច្ចជាតិ៕