ភ្នំពេញ៖ ទំហំទឹកប្រាក់ចំនួន ៤៨៣,៨ លានដុល្លារ ដែលសមាជិកសភាមីយ៉ាន់ម៉ា កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ABD)សម្រាប់សាងសង់ផ្លូវល្បឿនលឿន ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា–បស្ចិម (East West Economic Corridor)។ ហើយនៅពេលអនាគតគម្រោងនេះ សង្ឃឹមថានឹងតភ្ជាប់កំពង់ផែវៀតណាម Da Nang និងកំពង់ផែ Thilawa របស់មីយ៉ាន់ម៉ានៅទីក្រុង Yangon ដោយឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងថៃ។
អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ាលោកបណ្ឌិត Kyaw Lin បានប្រាប់សភាថា៖ ផ្លូវល្បឿនលឿនពីកាហ្គោ – កៃហៃតូ ( Bago-Kyaik Hto Expressway ) ដែលត្រូវបានអនុម័តមានប្រវែង ៦២ គីឡូម៉ែត្រ ដែលផ្លូវនេះនឹងក្លាយជាផ្នែកមួយនៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ។ លើសពីនេះនឹងជួយមិនត្រឹមតែការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការតភ្ជាប់និងពាណិជ្ជកម្មរវាងវៀតណាមឡាវ កម្ពុជា និងមីយ៉ាន់ម៉ាដែលជាផ្នែកមួយនៃមហាអនុតំបន់ទន្លេមេគង្គ។
លោកអនុរដ្ឋមន្រ្តីបន្ថែមថា ផ្លូវល្បឿនលឿននេះសាងសង់ដោយចែកជា បួនគន្លងដែលអាចជួយសន្សំពេលវេលានៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ដោយត្រូវបានគេរំពឹងថានឹងចំណាយពេលតែ ៥៥នាទី ដើម្បីធ្វើដំណើរនៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ ខណៈពេលដែលផ្លូវដែលមានស្រាប់បច្ចុប្បន្នចំណាយពេលប្រហែល ២ ម៉ោង។
បន្ថែមពីនេះទៅទៀតលោកអនុរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចពិសេសនៃផ្លូវល្បឿនលឿននេះ ក្រៅពីសាងសង់ឡើងជា បួនគន្លង គឺមានរបាំងការពារសម្លេងរំខាន និងជញ្ជាំងខ្ពស់ ស្ពានតូចៗចំនួន ៣១៥ និងផ្លូវក្រោមដី។ ផ្លូវនេះក៏នឹងត្រូវរួមបញ្ចូលស្ពានប្រវែង ២ គីឡូម៉ែត្រនៅលើដងទន្លេ Sittaung ផងដែរ ដោយស្ពាននេះ គ្រោងនឹងសាងសង់ដោយមានប្រាក់កម្ចី ២៦៤ លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលទើបតែអនុម័តកាលពីពេលថ្មីៗនេះ៕ដោយ៖ស តារា