ភ្នំពេញ៖ សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តចំនួន៤ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និង រៀបចំវត្ថុតាងជាគ្រឿងញៀន ជាមួយមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីត្រៀមដុតបំផ្លាញ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះនៅតាមសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តចំនួន៤ រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និង រៀបចំវត្ថុតាងជាគ្រឿងញៀន ជាមួយមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីត្រៀមដុតបំផ្លាញ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
មន្ត្រីនៃក្រសួងយុត្តិធម៍ បានបញ្ជាក់ថា ពិធីដុតបំផ្លាញគ្រឿងញៀននេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនប្រមាណ២០០គីឡូក្រាម នៅខេត្តព្រះវិហារ ជួញដូរគ្រឿងឆ្លងដែន ពីប្រទេសឡាវ ចូលមកកម្ពុជា និងឃាត់ខ្លួនមនុស្ស២នាក់ ក្នុងបទល្មើសជាក់ស្តែង។ ក្រោយមកសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ចាប់យកគ្រឿងញៀនជិត២០០គីឡូក្រាម ជាមួយសារធាតុគីមីសម្រាប់ផ្សំផលិតគ្រឿងញៀនជាង៣.០០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់។
សូមជម្រាបថា៖ តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សិលា