ភ្នំពេញ៖ បើតាមសេចក្តីព្រាងច្បាប់ថ្មីរដ្ឋាភិបាល កំពុងរៀបចំច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរៀបចំរបៀបរៀបរយសង្គម។
សូមបញ្ជាក់ថា: ក្នុងសេចក្តីព្រាងច្បាប់នោះ ក៏ហាមពលរដ្ឋស្លៀកពាក់ស៊ិចស៊ី នៅតាមតំបន់ទីប្រជុំជនផងដែរ។ តាមរយះសេចក្តីព្រាងច្បាប់ថ្មីអ្នកជំនាញផ្នែកវប្បធម៌ យល់ថា រដ្ឋាភិបាលមិនគួររៀបចំកំណត់ចេញជាច្បាប់ លើការស្លៀកពាក់ស៊ិចស៊ីនេះឡើយ។
ការហាមពលរដ្ឋ មិនឱ្យស្លៀកពាក់លេចលើលេចក្រោមនៅតាមទីសាធារណៈ ដែលមានចែងក្នុងសេចក្តីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ នេះ គឺដើម្បីរក្សាការពារតម្លៃប្រពៃណី និងវប្បធម៌ជាតិ។ នេះបើតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បបានបញ្ជាក់លើកឡើង ។ សមលោក អ៊ុក គឹមលេខ ការតាក់តែងច្បាប់នេះ ក៏មិនមែនរឹតបន្តឹងសេរីភាពពលរដ្ឋដែរ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលដឹកនាំរៀបចំសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា៖«យើងបង្កើតច្បាប់នេះឡើង ដើម្បីរៀបចំរបៀបរៀបរយសង្គម និងរក្សាសេចក្តីថ្លៃថ្នូរជាតិ។ លោកបន្តថា ដូច្នេះទើបយើងហាមពលរដ្ឋមិនឱ្យស្លៀកពាក់ហួសហេតុនេះ ដើម្បីឱ្យពួកគេស្លៀកពាក់ឱ្យបានសមរម្យ»។
សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ ត្រង់ជំពូកទី៥ មាត្រា៣៦ បានចែងថា «ហាមស្លៀកពាក់ដែលប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ នៅទីសាធារណៈជាអាទិ៍៖ក- បុរសស្លៀកតែខោអត់អាវនៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរភេទ។ ខ-នារីស្លៀកពាក់ខើចលើខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ។ ការអនុវត្តកឋាខណ្ឌខាងលើ ត្រូវបានលើកលែងចំពោះតែវិស័យទេសចរណ៍ សិល្បៈ កីឡា ប្រពៃណីឬតំបន់ ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ធម្មតាប្រទេសមួយ ត្រូវតែមានច្បាប់សម្រាប់គ្រប់គ្រង។ប៉ុន្តែក្នុងករណីខ្លះក៏មិនចាំបាច់ចែងជាច្បាប់ដែរ។ នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថន ដែលបានបន្ថែមថា ករណីនៃការស្លៀកពាក់នេះ គួរតែត្រូវអប់រំផ្នត់គំនិតពលរដ្ឋ ប្រសើរជាងតាក់តែងច្បាប់ដាក់ទោសទណ្ឌ ឬផាកពិន័យ។
ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបកស្រាយដូច្នេះថា៖«សម្រាប់ខ្ញុំគិតថា វាហាក់ដូចជាមិនគួរឈានដល់ការចេញច្បាប់ទេ គ្រាន់តែការស្លៀកពាក់។ យើងអាចបណ្ដុះ យើងអាចអប់រំខាងសីលធម៌ យើងពន្យល់ប្រជាពលរដ្ឋ ឬកម្រិតបទបញ្ជាផ្ទៃក្នុងរឿងវិន័យតាមកន្លែងជាក់លាក់ណាមួយទៅ ឧទាហរណ៍ ទាហាន ប៉ូលិស គេស្លៀកយ៉ាងម៉េច សិស្សសាលាស្លៀកយ៉ាងម៉េច គ្រូបង្រៀនស្លៀកយ៉ាងម៉េច…អីប៉ុណ្ណឹង។ ខ្ញុំគិតថាប្រហែលជាបានហើយ មិនគួរឱ្យ(ឈាន)ទៅដល់មានច្បាប់»។
កន្លងមករដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិអប្សរា ក៏បានហាមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិស្លៀកពាក់ខើចលើខើចក្រោម ចូលតំបន់អង្គរ និងតំបន់បុរាណផ្សេងទៀតដែរ។
ត្រង់ចំណុចនេះលោក ឈត ប៊ុនថង គាំទ្រឱ្យមានការហាមបែបនេះ ប៉ុន្តែមិនគួរអនុវត្តការហាមជាលក្ខណទូទៅទេ ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។
«ច្បាប់ប្រៀបដូចជាខ្សែ ដូចជាច្រវ៉ាក់ ដូចជាចំណងអ៊ីចឹង បើកាលណាមានច្បាប់កាន់តែច្រើន ក៏កាន់តែរឹតត្រួតអ្នកដែលនៅក្រោមអំណាចនៃច្បាប់ហ្នឹងហើយ។ អ៊ីចឹងបើសិនជាច្បាប់ហ្នឹង ត្រូវបានគេអនុវត្តលើសពីអ្វី ដែលជាគោលបំណងនៃការពង្រឹងច្បាប់ទៅ ប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាតឹងតែង មានអារម្មណ៍ធុញ មានអារម្មណ៍ថា មិនសូវស្រួលទៅ។ ខ្ញុំសរុបឡើងវិញថា ខ្ញុំឯកភាពនៃគោលបំណងនៃការចង់រក្សាអត្តសញ្ញាណ រក្សាតម្លៃ រក្សាប្រពៃណី ប៉ុន្តែមិនគួរឱ្យមានទោសទណ្ឌ ការផាកពិន័យធ្ងន់ធ្ងរពេកទេ គួរតែមានក្នុងកម្រិតណាមួយសមរម្យបានហើយ»។ នេះជាការលើកឡើងរបស់ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ ចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន។
បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។
ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រា ឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោលវិញ។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ហាមពលរដ្ឋស្លៀកពាក់ស៊ិចស៊ីផងដែរ ជាពិសេសអ្នករកស៊ីលក់ផលិតផលតាមអនឡាញ។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការស្លៀកពាក់ស៊ិចស៊ី ដោយបញ្ចេញកេរខ្មាសនេះ វានាំឱ្យកើតមានករណីអំពើចាប់រំលោភ ការជួញដូរផ្លូវភេទ និងជួញដូរមនុស្សជាដើម។ ក្រោយសម្ដេចប្រកាសនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីរកស៊ីតាមអនឡាញ ដែលស្លៀកពាក់ស៊ិចស៊ី យកមកអប់រំណែនាំទៀតផង៕
ដោយ៖ ស សម