ហេតុអីបានជាអ្នកមិនស្រឡាញ់ជីវិតខ្លួនឯង ដល់ថ្នាក់រត់ចេញពីកន្លែងចត្តាឡីស័ក នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ សមត្ថកិច្ចបានឱ្យដឹងថា៖ មានមនុស្ស២នាក់ បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង, ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនាំខ្លួនមកវិញ ជួយការពារសុខភាពពួកគាត់ បញ្ចៀសជំងឺកូវីដ-១៩ គោរពតាមការណែនាំពីក្រសួងសុខាភិបាល។សូមបញ្ជាក់ថា៖ មានមនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ។
មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
លោកបានបញ្ជាក់បន្តថា ៖ ពួកគេទាំងពីរនាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃនេះ ពេលកំពុងរៀបភ្លៀង។
បច្ចុប្បន្នក្រោមការបញ្ជាពី លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ កំពុងរួមដៃគ្នាបើកការស្រាវជ្រាវ ដើម្បីតាមរកមនុស្សទាំង២នាក់នេះ ត្រឡប់មកមណ្ឌលដើម្បីធ្វើចត្តាឡីស័កវិញ។
ប្រភពព័ត៌មានដដែលបានអះអាងថា មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។
ជុំវិញបញ្ហានេះ មានមតិប្រជាពលរដ្ឋលើកឡើងថា៖ ហេតុអីបានជាអ្នកមិនស្រឡាញ់ជីវិតខ្លួនឯង ដល់ថ្នាក់រត់ចេញពីកន្លែងចត្តាឡីស័ក នៅខេត្តព្រៃវែង ។ ការទប់ស្កាត់ការរាតត្បាតឆ្លងវីរុសកូវីដ-១៩ ជាជម្រើសល្អដែលសុខាភិបាល ពិសេសរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងអំពាវនាវជាប់ជាប្រចាំដល់បងប្អូនជនរួមជាតិ។

សូមរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕ដោយ៖សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print