ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ១៤កើត ខែស្រាពណ៍ឆ្នាំជូត ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានចុះកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានចូលរួមការពារសត្វស្លាប ស្ថិតនៅទួលស្វាយដូន ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ការចុះសិក្សានេះរៀបចំឡើងដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថានខេត្តព្រៃវែង និងលោកមេឃុំកញ្ចាំនិងប្រជាសហគមន៍មួយចំនួនផងដែរ។ លោក កុក រុន និង លោក ស៊ុម ស៊ីម បានកំពុងស្នាក់នៅប្រកបរបរធ្វើស្រែ និងចិញ្ចឹមទាផ្ទាល់ក្នុងទីតាំងខាងលើ បានចូលរួមអភិរក្សសត្វស្លាបលើទីតាំងជាក់ស្តែង។ ក្រុមការងារបានបញ្ជាក់ថាមានវត្តមានប្រភេទសត្វស្លាប សត្វចង្កៀលខ្យងប្រមាណ៤០០០ក្បាល បានកំពុងរស់នៅ និងរកចំណីចិញ្ចឹមជីវិតនៅទីនោះ។ បន្ទាប់មកក្រុមការងារ បានបន្តដំណើរទៅកាន់ទីកន្លែងសំបុកបន្តពូជ និងពងកូនរបស់ប្រភេទសត្វស្លាបទឹកសំខាន់ៗ នៅទីតាំងតំបន់បឹងស្នេហ៍(ទួលព័ន្ធតាឡី)នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងផងដែរ៕
ដោយ៖ សិលា