ក្លិប Borussia Dortmund បានកំណត់ពេលវេលាត្រឹមថ្ងៃទី១០ ខែសីហាខាងមុខនេះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Jadon Sancho ដែលជាគោលដៅផ្ទេររបស់ក្រុមបិសាចក្រហម Manchester United ក្នុងការចាកចេញពីក្លិប។
ក្លិបអាល្លឺម៉ង់បានប្រាប់ក្រុមបិសាចក្រហមថា ពួកគេចង់បានលើសពី១០០លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធស្លាបអង់គ្លេសវ័យ២០ឆ្នាំខាងលើ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយលើថ្លៃសេវាដែលនឹងត្រូវបង់ជាដំណាក់កាលនៅឡើយទេ។
Dortmund បានកំណត់ថ្ងៃផុតកំណត់ ពីព្រោះពួកគេចង់បានការរៀបចំមិនមានការរំខានសម្រាប់រដូវកាលអាល្លឺម៉ង់ Bundesliga ឆ្នាំ២០២០-២០២១ខាងមុខដែលត្រូវបើកលឿនជាងរដូវកាលមុនៗ។ យុទ្ធនាការរដូវកាលថ្មីនេះចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ហើយពេលវេលាកំណត់ផ្ទេរសម្រាប់កិច្ចព្រមព្រៀងអន្តរជាតិមានត្រឹមថ្ងៃទី៥ ខែតុលា។
Sancho បានលេងនៅ Dortmund អស់រយៈពេល៣ឆ្នាំដោយបានចុះហត្ថលេខាពីក្លិប Manchester City កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃប្រហែល១០លានផោន។
កាលពីខែកក្កដា ក្លិប Dortmund បានដេញថ្លៃឈ្នះក្រុមបិសាចក្រហម Man United ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ១៧ឆ្នាំ កីឡាករ Jude Bellingham មកពីក្លិប Birmingham ក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃជាង៣០លានផោន។ ជាមួយគ្នានោះក្លិបបិសាចក្រហមក៏បានបរាជ័យទិញមិនបានកីឡាករ Haaland ពីក្លិប យក្សអាល្លឺម៉ង់ Dortmund មួយនេះផងដែរកាលពីពាក់កណ្តាលរដូវកាលកន្លងទៅ ៕