ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមគ្រួសារអ្នកសិល្បៈចំនួន១០ដែលបានជួបទុក្ខធំក្រោយពីសមាជិកជិតដិតពួកគេទទួលមរណភាព ដែកជារឿងដ៏សោកសៅសម្រាប់ពួកគេ។
ទី១គឺឪពុកបង្កើតរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ។ ឪពុករបស់លោកបានទទួលមរណភាពកាលពីវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី ៣0 មីនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងព្រះជន្ម៦០ឆ្នាំ ។ មរណភាពរបស់ឪពុកតារាចម្រៀងរូបនេះទទួលបានការចូលរួមរំលែកទុក្ខច្រើនពីអ្នកសិល្បៈបើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ក៏ដោយ។
ទី២គឺម្តាយបង្កើតរបស់តារាសម្តែងនិងបង្ហាញម៉ូត កញ្ញា សូ ដានីតា ។ ម្តាយរបស់នាងបានទទួលមរណភាពវេលាម៉ោង ៥ និង ២០នាទី កាលពីថ្ងៃទី ៣១ មីនាឆ្នាំ២០២០ ដែលខុសគ្នាត្រឹមមួយថ្ងៃតែប៉ុណ្ណោះជាមួយឪពុករបស់លោក សុគន្ធ ថេរ៉ាយុ ។ នាងទទួលបានសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ និងមិត្តរួមអាជីព។
ទី៣គឺមរណភាពរបស់ឪពុកជាទីស្រឡាញ់ របស់ អ្នកនាង ខាត់ សុឃីម ។ មរពភាពរបស់សិល្បករជើងចាស់លោក លាវ ខាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ លោក បានទទួលមរណភាពនៅយប់ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយជំងឺលើសឈាម ដែលធ្វើឲ្យក្រុមគ្រួសារអាឡោះអាល័យជាខ្លាំង។
ទី៤គឺម្តាយបង្កើតរបស់តារាសម្តែង អ៊ុំ សក្កណា បានទទួលមរភាពកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ អ្នកស្រីមិនបានទាន់ដង្ហើមអ្នកម្តាយដែលមានវ័យជរា ឈឺរ៉ាំរ៉ៃនោះទេព្រោះតែកំពុងថតភាពយន្តមួយនៅភ្នំពេញ។ម្តាយតារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្កណា មានវ័យ៩៥ ឆ្នាំ និងបានធ្លាក់ខ្លួនឈឺធ្ងន់កាលពី កន្លងទៅនេះនៅផ្ទះនាតំបន់ពេជ្រនិលខេត្តកំពង់ស្ពឺ។
ទី៥គឺ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ Mr Queenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ ការចំណាយព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។
ទី៦គឺមរណភាពព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកបានបន្សល់ទុក្ខនៅការសោកស្តាយជាខ្លាំងព្រោះតែលោកគឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។
ទី៧គឺមរភាពរបស់ម្តាយតារាចម្រៀងក្រុមត្រកូល ឱក គឺលោកស្រី ទីវ សោភណ្ឌ បានទទួលមរណភាព នៅ យប់រំលងអធ្រាត្រវេលាម៉ោង ០២ និង ៤៥ នាទី ឈានចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។
ទី៨គឺ តារាសម្តែង អ្នកស្រី ប៉ែន សុផានី បានជួបទុក្ខធំក្រោយពីម្តាយរបស់អ្នកស្រីទទួលមរណភាព កាលពី ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃត្រង់ដោយជំងឺមហារីក ដំណាក់ចុងក្រោយបន្ទាប់ពីជំងឺនេះបានធ្វើទុក្ខអស់ជាច្រើនឆ្នាំ ។
ទី៩អ្នកម្តាយរបស់តារាសម្តែង និងបង្ហាញម៉ូតកញ្ញា ទឹម រដ្ថា ដែលបានទទួលមរណភាពកាលពីយប់ ថ្ងៃទី ៣១ ខែ កក្កដា ឈានចូល ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២០ដោយសារជំងឺគាំងបេះដូង និងធ្វើឲ្យក្រុមគ្រួសារអាឡោះអាល័យជាខ្លាំង។
ទី១០គឺមរណភាពរបស់ លោក ឡាយ វណ្ណៈ តារាចម្រៀងកន្រ្ទឹមបានទទួលមរណភាពហើយក្នុងជន្មាយុជិត៥០ឆ្នាំ កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២០នេះ ដោយសារជំងឺក្រិនថ្លើមធ្ងន់ធ្ងរមិនអាចសង្រ្គោះបានឡើយ ហើយបុណ្យសពនឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តគៀនឃ្លាំង៕
ដោយ៖ វឌ្ឍនា