ខេត្តសៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប នាវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះបាន ចុះទៅចំណុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប រួចបាននាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។
មន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ។មកដល់ពេលនេះ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ មកម្លេះ។ ដោយមូលហេតុមិនបានបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិការបង់អាករ ហើយក៏ពុំមានថវិការសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃនិងនៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០$ផងនោះទើបសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសរូបនេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី ៕