ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ លោក ទូច សុខលីម អាយុ៤៧ឆ្នាំ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍មួយ គោរពជូនលោកស្នងការនគរបាលខេត្តកណ្តាល ដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាលទទួលបន្ទុកផ្នែកទេសចរណ៍ ថា បានប្រើអំណាចនិងយកឈ្មោះថ្នាក់ដឹកនាំមកគំរាម រឿងអនុវត្តកិច្ចសន្យាទិញ-លក់ដី ។
នេះបើយោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍ ដែលអ្នកសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ថា លោកកំពុងពិនិត្យករណីនេះហើយ។
សូមរម្លឹកថា៖ ស្នងការរង រូបនេះធ្លាប់រឿងអាស្រូវ ជាច្រើនបន្ទាប់ពីយករថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពស្នងការ ទៅបម្រើឱ្យផលប្រយោជន៍ខ្លួនឯង ដឹកទឹកលក់ និងបម្រើឱ្យតម្រូវការលោកផ្កាយ២មួយរូប ដែលសាមីអង្គភាពមិនដឹង។
ពាក់ព័ន្ធករណី លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល បានឱ្យអង្គភាព «នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា៖ លោកកំពុងមានភារកិច្ចជាប់ប្រជុំ ហើយចប់ការងារលោកនឹងខលតបប្រាប់មកវិញ។
សូមបញ្ជាក់ថា៖ ទីតាំងដីនោះស្ថិតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕
ដោយ៖ចេស្តា