ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្តាល ព្រមទាំង លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា(គ.ក.ប. )មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង អភិបាលរងក្រុងតាខ្មៅ បានប្រជុំពិភាក្សា រួមគ្នារកដំណោះស្រាយក្នុងករណីវិវាទការងារ រវាងកម្មករ កម្មការិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី សំដៅឈានទៅរកការបញ្ចប់វិវាទបានឆាប់រហ័ស ប្រកបដោយភាពជោគជ័យ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ និងត្រូវសហការគ្នាឱ្យបានស្អិតល្មួតជាមួយនឹងគណៈកម្មាធិការជំនាញ ដើម្បីដោះស្រាយបញ្ហានេះដល់កម្មករឱ្យបានល្អ និងទាន់ពេល។ ត្រូវដោះស្រាយពីរឿងធំឱ្យទៅជារឿងតូច ចំពោះរឿងតូចត្រូវបញ្ចប់ប្រកបដោយសន្តិវិធីដោយឈរលើគោលការណ៍ច្បាប់ និង រដ្ឋបាល ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា ។
គួរម្លឹកដែរថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ កម្មការិនីបម្រើការងារប្រមាណជាង ១.០០០នាក់ បានជួបបញ្ហាក្ស័យធន ហើយថៅកែក្រុមហ៊ុនមិនមានការទទួលខុសត្រូវ បិទទ្វាររត់ចោលកម្មករ តាំងពីចុងឆ្នាំ២០១៩ មកម្លេះ ដោយក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ជូនដល់កម្មករ ៕
ដោយ៖ សិលា