ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់អនុសាសន៍លើកទឹកចិត្ត
បន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ត្រូវដាក់ចិត្តបម្រើឲ្យអស់ពីកម្លាំងកាយចិត្តចំពោះប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីរាជការដទៃទៀតដែលទៅទទួលសេវា ប.ស.ស នៅតាមទីកន្លែងនានា។

ពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១នេះ ត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន សូម្បីតែគណបក្សនយោបាយនានាក៏ដោយ។

លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មី និងចាស់សូមមេត្តាស្វែងយល់ និងខិតខំអនុវត្តតាមព្រះរាជក្រឹត្យ ដែលកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ខណៈវិសាលភាពកាន់តែធំ ដោយគ្របដណ្ដប់លើវិស័យសាធារណៈថែមទៀត ដូច្នេះគឺទាមទារការសម្រេចចិត្ត និងប្រតិបត្តិការកាន់តែឆាប់រហ័ស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវខិតខំបំពេញភារកិច្ច ហើយកុំមានការភ័យព្រួយពាក់ព័ន្ធនឹងការមើលរំលងស្នាដៃរបស់ខ្លួនឲ្យសោះ ដោយហេតុថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាកនៅតែមានការលើកទឹកចិត្ត និងដំឡើងតួនាទីទៅតាមស្នាដៃ។

លោក អ៉ិត សំហេង បានបន្តថា ថ្វីដ្បិតរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យនិយោជកកាត់បន្ថយការបង់វិភាគទាន ក្នុងកំឡុងពេលសហគ្រាស គ្រឹះស្ថានដាក់ព្យួរការងារដោយផលប៉ះពាល់ជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែកម្មករនិយោជិតនៅបន្តទទួលបានសេវាថែទាំសុខភាព ពី ប.ស.ស ដដែល។

សូមជម្រាបថា នៅចុងឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានអនុម័តឱ្យប្រើប្រាស់ ហើយគ្របដណ្តប់ ៤ផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះព្រមទាំងបុគ្គលស្វ័យនិយោជន៍។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានផ្តល់សេវាថែទាំសុខភាព និងប្រាក់ឧបត្ថម្ភដល់ស្រ្តីក្នុងគ្រួសារក្រីក្រមានផ្ទៃពោះ រហូតដល់កូនក្រោមអាយុ ២ឆ្នាំ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបើកសាច់ប្រាក់ និងផ្តល់អំណោយផ្សេងៗជូនគ្រួសារក្រីក្រដែលមានផលប៉ះពាល់កំឡុងពេលជំងឺកូវីដ-១៩ រីករាលដាលផងដែរ។

រាជរដ្ឋាភិបាលក៏បានចេញនូវគោលការណ៍ ដើម្បីធានាការគាំពារសង្គមដល់កម្មករនិយោជិតមាន ១០ចំណុចដូចខាងក្រោម៖
១- គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ ចំនួន ១៩០ដុល្លារ និងបានបើកប្រាក់ឈ្នួល ២ដងក្នុងមួយខែជូនកម្មករនិយោជិត។
២- កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។
៣- កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។
៤- ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល, កូន២នាក់ ថវិកា ៨០ម៉ឺនរៀល និងកូន៣នាក់ ថវិកា ១.២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
៥- និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។
៦- ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
៧- ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានទទួលការអនុម័ត និងដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ។
៨- អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។
៩- បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
១០- បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ ដែលរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print