កីឡាអន្តរជាតិ៖ ក្លិប Manchester City របស់អង់គ្លេសបានប្រកាសថា កីឡាករអន្តរជាតិហុល្លង់ Nathan Ake បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបរហូតដល់រដូវក្តៅឆ្នាំ២០២៥ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកិច្ចព្រមព្រៀងនេះមានតម្លៃ៤១លានផោន។
ខ្សែការពារវ័យ២៥ឆ្នាំដែលចាកចេញពីក្រុម Bournemouth រូបនេះបានក្លាយជាកីឡាករទី២របស់ Man City នៅរដូវក្តៅនេះបន្ទាប់ពីក្លិបបានបញ្ចប់ការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ FerranTorres ពីក្លិប Valencia កាលពីថ្ងៃអង្គារកន្លងទៅ។
កីឡាករ Ake បាននិយាយថា “Man City គឺជាក្រុមដ៏ល្អបំផុតមួយនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយការមកទីនេះគឺជាក្តីសុបិន្តសម្រាប់
ខ្ញុំដើម្បីចូលរួមប្រជែងយកពានរង្វាន់ធំៗ”។
សូមបញ្ជាក់ថា ខ្សែការពារ Ake ធ្លាប់ចូលរួមជាមួយក្រុមតោខៀវនៅអាយុ១៦ឆ្នាំ បានបង្ហាញខ្លួនចំនួន១៤៦ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវ Chelsea, Watford និង Bournemouth។ កីឡាកររូបនេះក៏ធ្លាប់បង្ហាញខ្លួនបាន១៣ដងសម្រាប់ក្រុមជម្រើសជាតិហុល្លង់ដោយរកបាន២គ្រាប់។ ក្រុម Man City បានបរាជ័យក្នុងការការពារតំណែងជើងឯក Premier League នៅរដូវកាលនេះ ខណៈដែលពួកគេចាញ់ពិន្ទុក្រុមជើងឯកហង្សក្រហម Liverpool រហូតដល់១៨ពិន្ទុ ៕