កីឡាអន្តរជាតិ៖ នាយកប្រតិបត្តិក្លិប Serie A លោក Giuseppe Marotta បាននិយាយកាលពីព្រហស្បតិ៍ទី៦ សីហាថា ក្លិប Inter Milan បានយល់ព្រមចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ពីក្លិបបិសាចក្រហមManchester United ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំជាអចិន្ត្រៃយ៍ហើយ ។
Alexis Sanchez បានចុះកុងត្រាជាមួយក្រុម Inter Milan ក្នុងការខ្ចីជើងនៅដើមរដូវកាល២០១៩-២០២០ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្លិបបិសាចក្រហម Manchester United ដែលគាត់រកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុង ៤៥ប្រកួត។
ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះស៊ុតបញ្ចូលទីបានតែ៤គ្រាប់ក្នុងរដូវកាលនេះក៏ដោយក៏គាត់ហាក់ដូចជាបានរកឃើញនូវភាពជោគជ័យបន្ទាប់ពីបានមកដល់ទឹកដីអុីតាលីរកបាន៨គ្រាប់ ជួយឲ្យក្រុម Inter Milan ដឹកនាំដោយលោក Antonio Conte បានបញ្ចប់ក្នុងចំណាក់លេខ២រដូវកាលនេះ។
លោក Giuseppe Marotta បានប្រាប់ទូរទស្សន៍ Sky Sports ថា “វាជាព័ត៌មានផ្លូវការនៅថ្ងៃនេះសម្រាប់ខ្សែប្រយុទ្ធរបស់យើង។ កីឡាកររូបនេះគឺជារបស់យើងទាំងស្រុង ហើយយើងមានកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយគាត់ គាត់នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមយើង”។
ការផ្ទេរនេះក៏នឹងអនុញ្ញាតឱ្យ Sanchez លេងនៅក្នុងយុទ្ធនាការ Europa League ដែលនៅសល់បន្ទាប់ពីពួកគេបានឈានដល់វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃពុធជាមួយនឹងជ័យជម្នះ ២-០ លើក្រុមអេស្ប៉ាញ Getafe ក្នុងទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់ ៕ដោយ៖ភារៈ