អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden និងជាបេក្ខភាពប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងផ្អាករាល់សកម្មភាពសាងសង់ជញ្ជំាងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ សមាគមអ្នកសារព័ត៌មានស្បែកខ្មៅ លោក Biden បានប្រកាសថា ប្រសិនបើលោកជាប់ឆ្នោត ជញ្ជាំងព្រំដែននឹងមិនត្រូវបានសាងសង់មួយម៉ែត្រណាទៀតឡើយ។
អតីតអនុប្រធានាធិបតី Joe Biden បានលើកឡើងថា អាមេរិកនឹងប្រើបច្ចេកវិទ្យាទំនើបដើម្បីការពារព្រំដែនទប់ស្កាត់សកម្មភាពខុសច្បាប់។
តាមសារព័ត៌មាន Washington Post អាមេរិកសាងសង់ជញ្ជាំងព្រំដែនប្រមាណ១ពាន់គីឡូម៉ែត្រ តាមបណ្តោយព្រំដែននៅភាគខាងត្បូង ហើយនៅមានព្រំដែនប្រមាណ២ពាន់គីឡូម៉ែត្រទៀតមិនទាន់មានជញ្ជាំង។
កាលពីខែឧសភាកន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា បានសាងសង់ជញ្ជាំងព្រំដែនបានជាង៣០០គីឡូម៉ែត្រហើយ ក្នុងនោះមាន២៥គីឡូម៉ែត្រប្រើប្រាស់ជញ្ជំាងចាស់ដដែល។ នៅដើមឆ្នាំ២០២០ លោកត្រាំបានបញ្ជូនប្រាក់២,៥ពាន់លានដុល្លារ ដើម្បីបន្តសាងសង់ជញ្ជាំងព្រំដែន៕
បេក្ខភាពប្រធានាធិបតី Joe Biden ប្រកាសថា នឹងផ្អាកការសាងសង់ជញ្ជាំងព្រំដែនម៉ិចស៊ីកូ បើលោកជាប់ឆ្នោត
...