នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា (DGCA) បានស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ករណីធ្លាក់យន្តហោះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
តាមតួលេខថ្មីបំផុតដែលបានប្រកាសដោយ (DGCA)នាព្រឹកថ្ងៃទី៨ខែសីហាថា មានមនុស្ស ២០នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះកាលពីយប់ថ្ងៃទី៧ខែសីហានៅអាកាសយានដ្ឋាន Karipur ស្ថិតនៅក្នុងទីក្រុង Kozhikode រដ្ឋ Keralaប្រទេសឥណ្ឌា។ យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទBoeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍Air India Express បានជួបគ្រោះថ្នាក់ដោយសារតែអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង។
ព័ត៌មានពេលដំបូងបានផ្សាយថា យន្តហោះដែលជួបគ្រោះថ្នាក់ គឺបានដឹកពលរដ្ឋឥណ្ឌាដែលជាប់គាំងនៅទីក្រុងឌូបៃដោយសារកូវីដ-១៩ មកឥណ្ឌាវិញ ក៏ជួបគ្រោះថ្នាក់ពេលព្យាយាមចុះចតនៅអាកាសយានដ្ឋាន Karipur ក្នុងទីក្រុង Kozhikode
ក្នុងពេលចុះចតមានភ្លៀងធ្លាក់ខ្លាំង មិនអាចមើលឃើញឆ្ងាយឡើយ ដោយមើលឃើញតែ២០០០ម៉ែត្រ ប៉ុណ្ណោះនៅខាងមុខ។ ក្នុងពេលគ្រោះថ្នាក់មានមនុស្សទាំងអស់នៅលើយន្តហោះ១៩០នាក់រួមទាំងក្រុមអាកាសយានិក។ គ្រោះថ្នាក់សម្លាប់មនុស្ស២០នាក់រួមទាំងអ្នកបើកបរយន្តហោះផងដែរ។
ក្នុងពេលចុះចតដល់ផ្លូវ យន្តហោះនៅតែជ្រុលទៅមុខក្នុងល្បឿនលឿន រហូតដល់ផុតផ្លូវក៏ធ្លាក់ចុះទួលមានកម្ពស់១០ ម៉ែត្របណ្តាលឲ្យបាក់ជាពីរកំណាត់។ ប៉ុន្តែជាភព្វសំណាងយន្តហោះមិនឆាបឆេះ ប្រសិនបើផ្ទុះឆេះវិញមនុស្សទាំងអស់នៅលើយន្តហោះនឹងត្រូវស្លាប់ជាមិនខាន៕