អន្តរជាតិ៖ ដើម្បីទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពនៃទណ្ឌកម្មអាវុធ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅលើប្រទេសអ៉ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងកំណត់យកនៅសប្តាហ៍ក្រោយនេះ ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសោរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោកម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ចេញនូវ ដំណោះស្រាយថ្មីដើម្បីប្រឆាំងនឹងអ៉ីរ៉ង់ ទោះបីជាមានការជំទាស់ពីប្រទេសរុស្ស៊ី និងចិនក៏ដោយ។ សហរដ្ឋអាមេរិកបានព្រាងដំណោះស្រាយបន្តសុពលភាពនៃដាក់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់រួចរាល់ហើយ។
បើទោះជាយ៉ាងណា ដំណោះស្រាយរបស់អាមេរិកខាងលើនេះ ចាំបាច់ត្រូវការការគាំទ្រ ពីសំណាក់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ០៩ ក្នុងចំណោម ១៥ និងមិនមានការបោះឆ្នោតប្រឆាំង (VETO) ណាមួយពីសំណាក់ប្រទេស ជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ដូចជា៖ ចិន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងរុស្ស៊ីនោះឡើយ។ ក្រៅពីចិន រុស្ស៊ីក៏បានបង្ហាញពីគោលជំហរបោះឆ្នោតវ៉េតូ ប្រឆាំងនឹងដំណោះស្រាយនេះរួចហើយដែរ។
សូមជម្រាបថា ទណ្ឌកម្មលើអ៉ីរ៉ង់នឹងអស់សុពលភាព នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ខាងមុននេះ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ (JCPOA) ដែលត្រូវបានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំ ២០១៥ នៅក្នុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ដែលប្រទេសអ៉ីរ៉ង់កាលណោះបានប្តេជ្ញា កាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗទៀត។
ប៉ុន្តែជាអកុសលប្រធាធិបតីអាមេរិកបច្ចុប្បន្ននេះ គឺលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងខាងលើ ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី លើទីក្រុងតេហេរ៉ង់។ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក អ៉ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងជាច្រើនចំណុច។
បច្ចុប្បន្នសហភាពអឺរ៉ុបរួមជាមួយរុស្ស៊ី និងចិនបានសម្តែងពីការគាំទ្រ ចំពោះការដាក់ទណ្ឌកម្មអាវុធ ប៉ុន្តែអាទិភាពរបស់ពួកគេ គឺដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ (JCPOA)។ ចាប់តាំងពីអាមេរិកដកខ្លួនចេញ អន្តរជាតិមិនទាន់មានយន្តការណាមួយ ដើម្បីជួយសង្គ្រោះJCPOA ឲ្យរស់ឡើងវិញនោះឡើយ៕ដោយ៖ស តារា