ម្តាយពលការនី៧នាក់នៅស្រុកជលគិរី មកសុំអន្តរាគមន៍ពីអាដហុកអោយជួយអន្តរាគមន៍ក្រោយពីសមត្ថកិច្ចម៉ាឡេស៊ីឃាត់ខ្លួន

ចែករំលែក៖

​កំពង់ឆ្នាំង ៖ ម្តាយពលការនីចំនួន៧នាក់ ដែលរស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី នាំគ្នាមកកាន់ការិយាល័យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក ដើម្បីសុំអោយជួយអន្តរាគមន៍ដល់កូនស្រីរបស់ពួកគាត់ ដែលកំពុងត្រូវបានសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ីឃាត់ខ្លួន ។
​ស្រ្តីជាក្រុមគ្រួសារនេះបានមកមកកាន់ការិយាល័យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ ។

​ម្តាយរបស់ពលការនីទាំងនោះបានប្រាប់ថា ពលការនីទាំង៧នាក់ដែល ត្រូវអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីចាប់ឃុំខ្លួននោះ មាន១.ឈ្មោះ សូត្រ សុខនៅ ភេទស្រី អាយុ១៩ឆ្នាំ ២.ឈ្មោះហួត​ សារ៉ែន ភេទស្រី អាយុ១៩ឆ្នាំ ៣.ហា ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ ចេញទៅធ្វើជាពលការនី នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន អេភី ធីអេសអ៊ី​ អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី ។ ពលការនីទាំង៣នាក់នេះ ត្រូវអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីចាប់ឃុំខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ពីបទស្នាក់នៅធ្វើការ ខុសច្បាប់ ។ ​ចំពោះពលការនី៤នាក់ទៀត ដែលកំពុងស្នាក់នៅនិងធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី មាន១.ឈ្មោះ ហ៊ន ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ ២.ឈ្មោះខាន់ ចាន់ធឿន ភេទស្រី អាយុ២៦ឆ្នាំ ៣.លន់ ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ និង ៤.ឈ្មោះផាន់ ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ ពួកគេចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន អេភី ធីអេសអ៊ី​ អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី ។ ពលការនីទាំង៧នាក់ខាងលើនេះមានស្រុកកំណើតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។​គាត់បានរៀបរាប់ថា កូនស្រីរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនមួយ ហ៊ុនមួយឈ្មោះអេភី ធីអេសអ៊ី​ អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី នាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥​ ។ ដោយខាងក្រុមហ៊ុនបានអះអាងថា ទៅធ្វើការស្របច្បាប់និងទទួលបានប្រាក់ខែខ្ពស់​ប៉ុន្តែការពិតមិនដូចអ្វីដែល​ខាងក្រុមហ៊ុនបាននិយាយនោះឡើយ ។

​ស្ត្រីទាំងនោះបានរៀបរាប់អោយដឹងទៀតថា នៅពេលទៅដល់ប្រទេសម៉ាឡេស៊ី កូនស្រីគាត់ត្រូវបានគេអោយស្នាក់នៅកន្លែងប្រមូលផ្តុំមួយ ហើយពេលព្រឹកត្រូវបានគេដឹកតាមរថយន្ត យកទៅអោយធ្វើការ ផ្នែកអនាម័យនៅតាមផ្ទះនិងនៅតាមក្រុមហ៊ុន ព្រមទាំងអោយធ្វើការងារផ្សេងៗទៀត រហូតដល់ពេលល្ងាចទើបគេដឹកត្រឡប់មកកាន់កន្លែងស្នាក់នៅវិញ ។

​​រៀងរាល់ថ្ងៃកូនស្រីពួកគាត់រស់ទាំងលំបាកវេទនាដោយត្រូវក្រុមហ៊ុនមួយនេះអោយបាយហូបមិនគ្រប់គ្រាន់ហូបតែបាយកញ្ចប់និងពងទាស្ងោរ ​ពុំមានសម្លរទេ ហើយការរស់នៅជួបការលំបាកយ៉ាងខ្លាំង ​មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់ពួកគាត់ ត្រូវរត់គេចពីសមត្ថកិច្ចរាល់ថ្ងៃ ។

ដោយសារតែការលំបាកទាំងនេះ ពួកគេបានសំណូមពរអោយពួកគាត់ជាជាឪពុកម្តាយនិង ក្រុមគ្រួសារ នៅឯស្រុកខ្មែរជួយប្តឹងសមត្ថកិច្ចមន្រ្តីពាក់ព័ន្ធនិងអង្គការសិទ្ធមនុស្សអោយជួយអន្តរាគមន៍ យកពួកគេត្រឡប់មកស្រុកខ្មែរវិញផង ។

​ករណីនេះពួកគាត់បានទៅជួបតំណាងក្រុមហ៊ុន ប៉ុន្តែខាងតំណាងក្រុមហ៊ុន បានគ្រាន់តែប្រាប់ថា ចាំដោះស្រាយ តែរហូតមកដល់ពេលនេះហើយ នៅតែមិនទាន់មានពន្លឺ ហើយកូនរបស់គាត់ត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ី ។

​ម្តាយ ពលកានីទាំងនេះ បានអំពាវនាវ សុំអោយ មន្រ្តីអង្គការសិទ្ធិមនុស្ស និង មន្រ្តីពាក់ព័ន្ធទាំងអស់មេត្តាជួយអន្តរាគមន៍ យកកូនស្រីរបស់ពួកគាត់ ត្រឡប់មកស្រុកខ្មែរវិញផង ពីព្រោះសព្វថ្ងៃនេះពួកគេ មានការលំបាកយ៉ាងខ្លាំង ក្នុងការស្នាក់នៅឯប្រទេសម៉ាឡេស៊ីនោះ ។

​ប្រធានសមាគមន៍ការពារសិទ្ធមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំងលោកសំ ច័ន្ទគា បានបញ្ជាក់ថា ចំពោះករណីនេះ លោកនឹងរៀបចំពាក្យ បណ្តឹង ទៅស្ថាប័នពាក់ព័ន្ធ ដាក់ជូនទៅក្រសួងការងារ និង ក្រសួងការបរទេស ដើម្បីជួយអន្តរាគមន៍ដល់ពលការនីទាំង៧នាក់នោះអោយបានឆាប់ ដើម្បីសង្រ្គោះពលការនីខ្មែរទាំងនេះអោយបានត្រឡប់មកស្រុកខ្មែរវិញ ។​​​​​​​​ ចន្ថា 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print