ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូល្បឿនជែងរថយន្តនៅខាងមុខជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ទី៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤
មុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជឿន សីហា អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំចោមចៅ មានស្រុកកំណើតនៅភូមិសាអង់ ឃុំព្រះស្និទ្ធ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1F-5090 ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីក្រោយរថយន្តកុងតឺន័រ លុះមកជិតដល់ចំណុចកើតហេតុក៏បានបើកជែងរថយន្តមួយគ្រឿងទៀតដែលមិនចាំម៉ាកជ្រុលទៅប៉ះរថយន្តកុងតឺន័របណ្តាលឲ្យខ្ទាតប្រហែល៥ម៉ែត្រដួលបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោកមកធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ដោយ៖ជ្រោយពេជ្រ