ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៣២គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលទូទាំងពិភពលោក និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺនេះ នៅថ្ងៃ ទី ៩ ខែសីហា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ១៣២គ្រួសារ រស់នៅភូមិចំនួន១០ ឃុំចំនួន២ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តដំរីស នៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំព្រះរាជបន្ទូលនិងប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានយាង-អញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ដើម្បីបង្កើនការយល់ដឹង ការរក្សាអនាម័យ ការរក្សាគំលាតសង្គម និងចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្ររបស់យើង។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល បានរាយការថា ជំងឺគ្រុនឈីក (CHIK) បានឆ្លងរាលដាលដល់ ១៥ខេត្តហើយ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នពីជំងឺនេះ ហើយជំងឺគ្រុនឈីកនេះមានប្រភពចេញចេញមកពីការខាំពីមុសខ្លាញី និងសូមស្អាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបាន ត្រូវដេកក្នុងមុង(ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ក្នុងករណីក្រុមគ្រួសារណាម្នាក់ មានសញ្ញា ឬសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមយកពួកទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។

ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន និងសូមកុំសេបគ្រឿស្រវឹង គ្រឿងញៀនធ្វើឲ្យខូចសុខភាពខ្លួនឯង។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល សូមបងប្អូនខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) សាប៊ូដុំ ២ដុំ និងបណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print