នារីម្នាក់បើករថយន្តព្រូសបុកម៉ូតូកង់បីបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយ ព្យាយាមបើករត់គេចខ្លួនធ្លាក់ចូលក្នុងប្រឡាយនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតទៅបុកម៉ូតូកង់បីមួយមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿងអត់មានស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-9144 បើកបរដោយនារីម្នាក់និងមានអ្នករួមដំណើរជានារីម្នាក់ទៀត ក្នុងល្បឿនលឿនពីកើតទៅលិចក៏ជ្រុលទៅបុកម៉ូតូកង់បីបណ្តាលឲ្យអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូកង់បីដាច់កង់ចេញពីគ្នារងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនពីទីតាំងកើតហេតុបានប្រហែលមួយគីឡូម៉ែត្រក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទៅមុខលែងរួច រីឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំយកមកដាក់ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋានរាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ដោយ៖ និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print