ក្រសួងអប់រំ ជូនព័ត៌មានពីកាលបរិច្ឆេទ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុង ទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។ ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។
ក្រសួងបានបញ្ជាក់ថា៖ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្ស ថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។ ជាមួយគ្នានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និង គ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បី ចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និង បេក្ខជន មេត្តាជ្រាបជាព័ត៌មាន។ ដោយឡែក វិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ សូមត្រៀមលក្ខណៈដើម្បី អនុវត្តកិច្ចការខាងលើ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print