ក្រោយបាតុកម្ម​ផ្ទុះឡើង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាលែង​ពី​តំណែង លោកនាយករដ្ឋមន្ត្រី​លី​បង់ ស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុងស្រុក​

ចែករំលែក៖

​អន្តរជាតិ៖ ខណៈក្រុមបាតុកម្ម​ បាន​ផ្ទុះឡើងដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេសលីបង់ លាលែង​ពី​តំណែង ក្រោយជួបឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​ នៅ​ដើម​សប្ដាហ៍​នេះ បាន​ដុត​បញ្ឆេះ​កំហឹង​ប្រជាជន​លី​បង់​ កាន់តែខ្លាំង​នៅពេលដែល​ពួកគេ​ខក​ចិត្តនឹង​អ្នកនយោបាយ​ដែល​ពុករលួយ និង​ហែកហួរ​គ្នា​នោះ​។​ កាលពីថ្ងៃទី​៨ ខែសីហាថ្មីៗនេះ នាយករដ្ឋមន្ត្រី​លី​បង់ Hassan Diab បានប្រកាស​ថា លោក​នឹង​ស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​បំបែក​ការជាប់គាំង​វិបត្តិ​នយោបាយ​ក្នុងប្រទេសរបស់ខ្លួន ​។​

​សូមជម្រាបថា បាតុកម្ម​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​នយោបាយ បាន​ផ្ទុះ​ឡើងកាន់​ខ្លាំង​នៅ​លី​បង់ ក្រោយ​ការផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ដែល​សម្លាប់​មនុស្ស​ជាង​១៦០​នាក់ និង​ប្រមាណ​៥​ពាន់​នាក់​ទៀត​រងរបួស​។ ដោយហេតុការណ៍​ដ៏​សោកសៅ​នេះ រឹតតែ​ធ្វើ​ឲ្យ​បាតុកម្ម​ដែល​ចាប់ផ្ដើម​តាំងពី​ខែតុលា ឆ្នាំ​២០១៩ មក​នោះ បាន​ពុះកញ្ជ្រោល​កាន់​ខ្លាំង​ឡើងៗ​។

​ជាក់ស្តែងក្រុមបាតុករ​ដែល​ពោរពេញ​ដោយ​កំហឹង​ រាប់ពាន់នាក់​បាន​ចូល​អុកឡុក​ស្ថាប័នរដ្ឋ​ជាច្រើន ហើយ​ចូល​គ្រប់គ្រង​ក្រសួងការបរទេស​លី​បង់​ទៀតផង​។ ប៉ុន្តែ​មិនយូរប៉ុន្មាន ក្រុម​យោធា​ក៏​អាច​បណ្ដេញ​ពួកគេ​ចេញ​ក្រៅ​វិញ​។ ក្នុងហេតុការណ៍នោះដែរ ក៏បានធ្វើឲ្យប៉ូលីស​ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​ផងដែរ​។ នៅ​ទីលាន​កណ្ដាល​រដ្ឋធានី​បេ​រូត ប៉ូលីស​ក៏បាន​បំបែកហ្វូង​បាតុករ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

​លោក  Hassan Diab នាយករដ្ឋមន្ត្រី​លី​បង់ ទទួលស្គាល់នា​សុន្ទរកថា​តាម​រយៈទូរទស្សន៍​ កាលពីថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសលី​បង់ ​មិនអាច​គេចចេញ​ពី​វិបត្តិ​នយោបាយ​ដោយ​មិនមាន​ការបោះឆ្នោត​មុន​អាណត្តិ​បានឡើយ​។ នាយករដ្ឋមន្ត្រី​លី​បង់រូបនេះ បន្តថា ហាក់​យល់ព្រម​តាម​ការទាមទារ​របស់​បាតុករ​ដែល​ទទូច​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ដែល​ពួកគេ​ចាត់ទុកថា គ្មាន​សមត្ថភាព និង​ពុករលួយ ដែល​នេះ​កត្តា​មួយ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​ដ៏​កក្រើក​នោះ​។​

បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា លោក នាយករដ្ឋមន្ត្រី​លី​បង់ សង្កត់ធ្ងន់ថា៖ «​ខ្ញុំ​នឹងដាក់​សេចក្ដីព្រាងច្បាប់​មួយ​នៅ​ថ្ងៃទី​១០ ខែសីហា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​ការកំណត់​មួយ​​» ។ ខណៈដែល​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​បេ​រូត បាតុកម្ម​កំពុង​ធ្វើឡើង​នោះ​។

​គួរបញ្ជាក់ថា បច្ចុប្បន្នសភា​លី​បង់​ កើតចេញពី​ការបោះឆ្នោត​ខែឧសភា ឆ្នាំ​២០១៨ ដែល​នោះ​ជាការ​បោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល​៩​ឆ្នាំខណៈដែល​សភា​ចាស់​បន្ត​សុពលភាព​ជ​បន្តបន្ទាប់ ព្រោះ​មិនអាច​រៀបចំ​ការបោះឆ្នោត​បាន​។ ដោយការបោះឆ្នោត​ចុងក្រោយ​នេះ នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ចាក់​ឬ​ស​នៅ​លី​បង់​បាន ដ្បិត​ក្រុម​អ្នកនយោបាយ​កាន់អំណាច មិនបាន​កែទម្រង់​ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច និង​សង្គមដែល​ញាំញី​ប្រទេស​មជ្ឈិមបូព៌ា​នេះឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print