ផ្លែ​មៀន​ប៉ៃលិនរបស់កម្ពុជា អាចនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ២០២២​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ទៅ​ទីផ្សារ​ពិភពលោក​ បានជា​ផ្លូវការ​នោះ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក៏បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ថ្មីៗនេះថា កម្ពុជា​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ២០២២​ ។

​លោក ងិន ឆាយ ថ្លែងបន្តថា កម្ពុជា​បាន​ផ្ញើ​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ និង​សមាសភាព​ចង្រៃ​នៅលើ​ផ្លែ​មៀន​ប៉ៃលិន ​ទៅ​ប្រទេស​ចិន​រួច​អស់ហើយ ដោយ​នៅតែ​រង់ចាំ​មន្ត្រី​បច្ចេកទេសផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ​ភាគី​ចិន មក​ត្រួតពិនិត្យ​បច្ចេកទេស​ដាំ​ដុះ វេច​ខ្ចប់រក្សាទុក នៅ​កម្ពុជា​ប៉ុណ្ណោះ​។

​លោកអគ្គនាយក​កសិកម្មរូបនេះ ក៏បាកសង្កត់ធ្ងន់​ថា​៖«​ក្រោយពី​នាំចេញ​ផ្លែស្វាយ​ភ្លាម ហើយ​នៅពេលដែល​រដូវ​មៀន​ប៉ៃលិន​ចាប់ផ្តើម​ប្រមូល​ផល ខាង​ភាគី​ចិន​នឹង​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ផ្លែ​មៀន​ប៉ៃលិន​។ អ៊ីចឹង នេះ​ជាការ​ប៉ាន់ស្មាន និង​ព្យាករ​របស់​យើង​ក្នុង​ដើមឆ្នាំ​២០២១ យើង​អាច​នាំចេញ​ស្វាយ ហើយ​ប្រហែល​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២ យើង​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​បាន​»​។

បន្ថែមពីនេះទៅទៀត លោក ងិន ឆាយ បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុ​ជាមាន​ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​វិនិយោគ​លើ​រោងចក្រ​សម្លាប់​មេរោគ និង​វេច​ខ្ចប់​មៀន​ប៉ៃលិន​នេះ នៅក្នុង​ខេត្ត​ប៉ៃលិន​។ ជាក់ស្តែងកាលពី​ខែមិថុនា ឆ្នាំ​២០២០កន្លងទៅ រដ្ឋាភិបាលកម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយរដ្ឋាភិបាល​ចិន ក្នុង​ការនាំចេញ​ផ្លែស្វាយ កែវ​រមៀត​ចំនួន ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិនផងដែរ ​។

លោក​បន្តថា ការអូសបន្លាយ​ពេលនេះ​គឺ​ដោយសារ​តែ​អាជ្ញាធរ​គយ​ប្រទេស​ចិន តែង​ធ្វើការ​ពិនិត្យ​លើ​ការស្នើសុំ​នាំចូល​ផលិតផល​កសិកម្ម​ម្តង​ ១ ​មុខៗ​គឺ​ទាល់តែ​ចប់​ ១ ​ទើប​គេ​ចាប់ផ្តើម​ ១ ​ទៀត ខណៈ​បច្ចុប្បន្ន​ការនាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​ចិន​មិន​ទាន់​កើតឡើង​នៅឡើយ​ទេទោះបី​ជា​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ហើយ​ក៏ដោយ​។ បន្ទាប់ពី​មៀន​ប៉ៃលិន យើង​អាចដាក់​ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​»​។

ដោយឡែកបើរបាយការណ៍​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិកម្ម​ជា​ផ្លូវការ​ទៅ​ក្រៅប្រទេស​បាន​ចំនួន ២,៦៨ ​លាន​តោន​កើនឡើង ៩,០៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ដោយឡែក​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន មាន​ចំនួន ២៨៦ ៧៩០ ​តោន​។

គួរបញ្ជាក់ថា កម្ពុជា​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ក្នុង​ខែសីហា​នេះ ដោយ​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ធ្វើជា​សាក្សី​ក្នុង​ការចុះហត្ថលេខា​នេះ​ផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print