អាមេរិក៖ សារព័ត៌មានCNN នៅថ្ងៃទី១០ខែសីហា បានផ្សាយថា ចំនួនពលរដ្ឋអាមេរិកបោះបង់សញ្ជាតិកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ មូលហេតុ គឺដោយសារតែពលរដ្ឋមិនពេញចិត្តពីបញ្ហានយោបាយ ពន្ធដាររបស់អាមេរិក។
សារព័ត៌មានCNNបានផ្សាយថា តាមលទ្ធផលស្ទង់មតិនៅថ្ងៃទី ៩ខែសីហា បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកបោះបង់សញ្ជាតិ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ តាមតួលេខរបស់ Bambridge Accountants ដែលជាក្រុមហ៊ុនមានឯកទេសស្តីពីពន្ធដារ មានទីតាំងនៅទីក្រុងញូវ
យ៉កបានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកដល់ទៅ៥៨០០នាក់ បានបោះបង់សញ្ជាតិអាមេរិកទៅចូលសញ្ជាតិប្រទេសផ្សេងវិញ។ តួលេខខាងលើគឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានតែ២០២៧នាក់បោះបង់សញ្ជាតិតែប៉ុណ្ណោះ។
ក្រុមហ៊ុនBambridge Accountants បានប្រកាសឲ្យដឹងថា តួលេខខាងលើបានមកពីរបាយការណ៍បើកចំហរបស់រដ្ឋាភិបាលអាមេរិក ស្តីពីបញ្ជីឈ្មោះបុគ្គលបោះបង់សញ្ជាតិអាមេរិក ដែលត្រូវធ្វើបច្ចុប្បន្នភាព៣ខែម្តង។
លោកAlistair Bambridge ប្រធានក្រុមហ៊ុនBambridge Accountants បាននិយាយទៅកាន់សារព័ត៌មានCNN ថា មូលហេតុដែលពលរដ្ឋអាមេរិក បោះបង់សញ្ជាតិរបស់ខ្លួនគឺដោយសារតែពួកគាត់ធុញទ្រាន់នឹងការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។
ពលរដ្ឋអាមេរិកដែលចង់បោះបង់សញ្ជាតិ គឺត្រូវតែបង់ផាកពិន័យជាទឹកប្រាក់២៣៥០ដុល្លារ ហើយត្រូវតែមានវត្តមាននៅស្ថានទូត ដើម្បីបំពេញបែបបទ ប្រសិនបើពលរដ្ឋនោះនៅបរទេស៕