ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបត់ចូលក្រុមហ៊ុនផែស្ងួតអូលែរ មិនប្រយ័ត្នកៀរឡំប្រឺតាមួយគ្រឿងខណៈបើកស្របទិសដៅគ្នាធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីខ្ទាតចេញរងរបួសដៃជើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃថ្ងៃទី១០ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ទឹកប្រាក់លាយក្រហមពាក់ស្លាកលេខភ្នំពេញ3B-8944ធ្វើដំណើរទិសដៅពីលិចទៅលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃចូលទៅក្រុមហ៊ុនផែស្ងួតអូលែរ កៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពង់ចាម1T-0393បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាអែបចំហៀងរថយន្តកុងតឺរន័ខាងស្តាំ ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីខ្ទាតចេញក្រៅរងរបួសដៃម្ខាងនិងជើងម្ខាង។បន្ទាប់មកក៏មានសាច់ញាតិបានមកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បានធ្វើការទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ សុខាសែនជ័យ