ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីជ-១៩ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លើលិខិតលេខ ១៧៤ សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការផ្អាកជាបណ្តោះ អាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។ ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងមក បានរួមចំណែកដល់ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបាន ហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅក្នុងបណ្តា ប្រទេសសមាជិកអាស៊ាន។ ដូច្នេះ អ្នកដំណើរមកពីប្រទេសហ្វីលីពីន់ក៏ជាការព្រួយបារម្មណ៍ផងដែរ ម្យ៉ាងទៀត កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរ ពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសរុបចំនួន១១៩នាក់
ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ហេតុដូចនេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ -១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត អនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមាន រលកទី២នៃការចម្លងវីរុសកូវីដ-១៩៕
ដោយ៖ សុខ ខេមរា