រដ្ឋាភិបាលលីបង់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Hassan Diab បានសម្រេចលាលែងចេញពីតំណែងក្រោយពីរងសម្ពាធយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារការផ្ទុះសារធាតុគីមីនៅទីក្រុងBeirut សម្លាប់មនុស្សជាង២០០នាក់ និងរបួសជាង៦ពាន់នាក់។
សាព័ត៌មានSputnik បានផ្សាយថា នាយករដ្ឋមន្ត្រី Hassan Diab បានទៅកាន់វិមានប្រធានាធិបតី ដើម្បីដាក់លិខិតលាលែងចេញពីតំណែង។ រដ្ឋាភិបាលនិងបណ្តារដ្ឋមន្ត្រីបានសម្រេចលាលែងចេញពីតំណែងដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មី។
នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រី Hassan Diab បានប្រកាសថារដ្ឋាភិបាលរបស់លោកឈរខាងពលរដ្ឋដែលកំពុងតែទាមទារឲ្យទទួលខុសត្រូវក្នុងគ្រោះអាសន្នផ្ទុះនៅកំពង់ផែក្នុងរដ្ឋធានី Beirut។ ទាំងនោះហើយបានជារដ្ឋាភិបាលសម្រេចលាលែងចេញពីតំណែង។
សារធាតុគីមីammonium nitrate ចំនួន២.៧៥០តោនបានរក្សាទុកក្នុងឃ្លាំងនៅកំពង់ផែ៦ឆ្នាំមកហើយដោយមិនមានការរក្សាសុវត្ថិភាពត្រឹមត្រូវ បណ្តាលឲ្យផ្ទុះកាលពីថ្ងៃទី៤ខែសីហា សម្លាប់មនុស្ស ៣៣០នាក់ និង៦ពាន់នាក់រងរបួស។ ការផ្ទុះបានធ្វើឲ្យពលរដ្ឋជិត៣សែននាក់បាត់បង់ផ្ទះសម្បែងសម្រាប់ជ្រកនៅ។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Hassan Diab មានរដ្ឋមន្ត្រី២០រូប ប៉ុន្តែក្នុងថ្ងៃទី៩និងទី១០ខែសីហាមានរដ្ឋមន្ត្រី៤រូបបានលាលែងចេញពីតំណែងហើយ។ មកទល់ពេលនេះគេមិនទាន់ដឹងថារដ្ឋសភាលីបង់សម្រេចបែបណានោះឡើយ។ នៅពេលនេះបើទោះបីរដ្ឋាភិបាលបានលាលែងចេញពីតំណែងក្តី ប៉ុន្តែរដ្ឋាភិបាលក៏នៅតែបន្តដឹកនាំប្រទេសដដែលដើម្បីរង់ចាំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី៕