ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីជនជាតិវៀតណាមម្នាក់ បានយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីលួចរត់តាមបង្អូច ប៉ុន្តែត្រូវជនសង្ស័យជាជនជាតិចិន ដឹងខ្លួនទាន់ក៏ប្រើឡាមកាត់ផ្ដាច់ខ្សែនោះឲ្យនាងធ្លាក់ពីជាន់ទី៦ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងចុះជួយធ្វើអន្តរាគមន៍ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យជាជាតិចិន ចំនួន៣នាក់ និងរំដោះជនរងគ្រោះប្រុសស្រី២នាក់ ដោយមានម្នាក់ជាស្ត្រីជនជាតិវៀតណាមរងរបួសធ្ងន់ ត្រូវបានបញ្ជូនជនរងគ្រោះទៅសង្គ្រាះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកបុរសជនជាតិចិន ដែលជាជនរងគ្រោះ រងរបួសពេញខ្លួនដោយសារតែក្រុមជនសង្ស័យបានធ្វើទារុណកម្ម ដើម្បីជំរិតយកប្រាក់ ។
ករណីចាប់ជំរិតស្រ្តីជនជាតិវៀតណាម និងបុរសជនជាតិចិនខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅនៅក្នុងសណ្ឋាគារយីហោ” រំដួលហ្គ្រេនហូតែល ”
(Rumduol Grand Hotel ) អគារលេខ៦៥ បន្ទប់លេខ៦០៣ ជាន់ទី៦ តាមបណ្តោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៍មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីមនុស្សធ្លាក់ពីលើអគារជាន់ទី៦ នៃសណ្ឋាគាររំដួល ដែលមានទីតាំងដូចខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសង្គ្រោះស្រ្តីរងគ្រោះបន្ទាន់ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ។ ក្នុងនោះផងដែរ ដោយមានតម្រុយក្នុងការសង្ស័យ ភ្លាមនោះសមត្ថកិច្ចជំនាញខណ្ឌដូនពេញ ក៏បានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដើម្បីធ្វើការសាកសួរ ជាលទ្ធផលបានរកឃើញ ជនសង្ស័យចំនួន ៣នាក់ ដែលបានប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតយកប្រាក់ ទៅលើមនុស្ស ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។
មន្រ្តីដដែលបន្តថា ជនរងគ្រោះទាំង២នាក់នោះ ទី១ឈ្មោះ NGUYỄN THỊ HOÀI THƯƠNG ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម និងទី២ឈ្មោះ G CHEN អាយុ៣២ ឆ្នាំ ជាជនជាតិចិន ។ ចំណែកជនសង្ស័យ៣នាក់នោះ សមត្ថកិច្ចកំពុងសាកសួរ ដោយមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន ។
បើតាមប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះ គឺជាករណីចាប់ជំរិត ព្រោះក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់នេះ ពួកគេបានសារភាពថា ខ្លួនពិតជាបានចាប់ជំរិតស្រ្តីរងគ្រោះប្រាកដមែន ហើយនៅពេលដែលនាងព្យាយាមលួចរត់តាមបង្អួត ពួកគេក៏ប្រើឡាមកាត់ខ្សែធ្វើឲ្យនាងធ្លាក់ពីជាន់ទី៦ រងរបួសធ្ងន់តែម្តង ។
អាជ្ញាធរខណ្ឌដូនពេញ បន្តថា ក្នុងប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវតាមជំនាញដោយធ្វើការឆែកឆេរទីតាំងមួយនេះ រួចមកគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សម្រេចបិទសណ្ឋាគារមួយនេះបណ្ដោះអាសន្នមិនឲ្យដំណើរការនោះទេ ។ ចំណែកឯជនសង្ស័យចំនួន៣នាក់ ដែលជាជនជាតិចិន រួមទាំងភ្ញៀវដែលចូលមកស្នាក់នៅអគារនេះ ត្រូវបានប្រគល់ឲ្យទៅកម្លាំងនគរបាលជំនាញខណ្ឌ យកទៅសាកសួរតាមនីតិវិធី។គួរបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ គេបានឃើញស្ត្រីជនជាតិបរទេសខាងលើ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត បាននាំស្ត្រីជនជាតិចិនរូបនេះចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រតប់គ្នាផងដែរ ហើយបាននាំចូលទៅក្នុងសណ្ឋាគារបាត់ទៅ ។ លុះមកដល់វេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃដដែល គេបានឃើញស្រ្តីរងគ្រោះ បានយកភួយនិងកម្រាលពូកចងជាប់គ្នា ដើម្បីទម្លាក់ខ្លួនចុះមកខាងក្រោម ស្រាប់តែពេលនោះ ធ្លាក់ចុះមកខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់តែម្តង៕ ដោយ៖ តារា