ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១១ខែសីហានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រុស្ស៊ីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
ប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលMikhail Murashko បន្តផ្តល់ព័ត៌មានឲ្យលោកពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានបញ្ជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ី ពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាព ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថាយើងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល»។
លោកពូទីនបានបញ្ជាក់ថា «ខ្ញុំសង្ឃឹមមិត្តទាំងអស់របស់យើងនៅលើពិភពលោកនឹងមានភាពរីកចម្រើនហើយនឹងមានវ៉ាក់សាំងនៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ»។
លោកពូទីនបញ្ជាក់ថា «កូនស្រីរបស់ខ្ញុំបានចូលរួមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ផងដែរ។ ក្នុងពេលសាកល្បងលើកដំបូងកូនស្រីរបស់ខ្ញុំមានកម្តៅខ្លួនកើនឡើង៣៨អង្សាសេ ហើយប៉ុន្មានថ្ងៃកន្លងមកក៏បានធ្លាក់ចុះបន្តិច៣៧អង្សាសេ។ ក្រោយការចាក់លើកទីពីរ កម្តៅបានកើនឡើងបន្តិច ប៉ុន្តែក្រោយមកក៏ធម្មតាវិញ ហើយមានសុខភាពល្អធម្មតា ហើយប្រព័ន្ធស៊ាំការពាររាងកាយមានកម្រិតខ្ពស់បំផុត»។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសថា ការផលិតវ៉ាក់សាំងបានចាប់ផ្តើមផលិតនៅទីតាំង២កន្លែងផ្សេងគ្នា គឺ មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya និងក្រុមហ៊ុនBinnopharm៕