ប្រធានាធិបតី ដូណាល់ ត្រាំបានប្រកាសថា អាមេរិកនិងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋ ក្រោយពេលវ៉ាក់សាំងត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ អាមេរិក(FDA) អនុម័ត ។
ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១១ខែសីហា បានប្រកាសថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សំាងប្រឆាំងកូវីដ-១៩មានតម្លៃដល់ទៅ១,៥ពាន់លានដុល្លារពីក្រុមហ៊ុនឱសថ Moderna របស់អាមេរិក ។ តាមកិច្ចព្រមព្រៀងនោះក្រុមហ៊ុននិងផ្តល់វ៉ាក់សាំងចំនួន១០០លានដូស ហើយវ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយដល់បណ្តាមន្ទីរពេទ្យនៅអាមេរិក ដោយឥតគិតថ្លៃ។
ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា នឹងជំរុញឲ្យមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅខែវិច្ឆិកា ហើយពលរដ្ឋនិងមានវ៉ាក់សាំងការពារនៅចុងឆ្នាំ២០២០នេះ។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បង្ហាញពីក្តីបារម្ភ ខ្លាចលោកត្រាំដាក់គំនាបបង្ខំឲ្យ (FDA)អនុម័តវ៉ាក់សាំងលឿនពេក ធ្វើឲ្យកម្រិតសុវត្ថិភាពមិនបានធានា១០០ភាគរយ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រោយពេលរុស្ស៊ីបានក្លាយជាប្រទេសទី១មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅលើពិភពលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar បានប្រកាសថា បញ្ហាគឺមិនស្ថិតនៅលើវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោកឡើយគឺស្ថិតនៅត្រង់ចំណុចថា វ៉ាក់សាំងនោះមានប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ពលរដ្ឋលើពិភពលោកដែរឬទេ៕