អន្តរជាតិ៖ មន្ត្រីស៊ូដង់ខាងត្បូងបានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋប្រដាប់ដោយអាវុធនឹងកម្លាំងរដ្ឋាភិបាល។
មន្ត្រីស៊ូដង់ខាងត្បូង កាលពីថ្ងៃទី១១ខែសីហាបានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នា រវាងពលរដ្ឋនឹងកម្លាំងសន្តិសុខរដ្ឋាភិបាលនៅតំបន់Tonj ស្ថិតនៅរដ្ឋ Warrap ។
លោក Makuei Mabior មន្ត្រីគ្រប់គ្រងតំបន់Tonj បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងពលរដ្ឋនឹង កម្លាំងសន្តិសុខតាំងពីថ្ងៃទី៨ខែសីហា។ ការប៉ះទង្គិចគ្នាកើតឡើងដោយសារតែការឈ្លោះប្រកែកគ្នារវាងសន្តិសុខនឹងយុវជនម្នាក់នៅក្នុងតំបន់ រហូតដល់មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ។
ហេតុការណ៍ប៉ះទង្គិចគ្នា ក្រោយពេលយុវជនត្រូវកម្លាំងទាហាននិងប៉ូលិសស្នើឲ្យឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែយុវជនខាងលើបានរត់គេច បង្ខំឲ្យសន្តិសុខដេញតាមឃាត់ខ្លួន។ ពេលដំបូងអំពើហិង្សាផ្ទុះឡើងរវាងគ្រួសារយុវជន នឹង ទាហាន ប៉ុន្តែក្រោយមករាលដាល ដល់អំពើហិង្សាក្នុងសហគមន៍ជាមួយកម្លាំងសន្តិសុខ បណ្តាលឲ្យ សន្តិសុខ៣៤នាក់ស្លាប់។ ចំណែកពលរដ្ឋវិញក៏មានអ្នកស្លាប់ដល់ទៅ៨៤នាក់ និងរបួសជាច្រើន។ ចំនូនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយមានអ្នករងរបួសច្រើន៕ដោយ៖ធី រីណា