ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្តើម G20 TechSprint ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រធាន G20 និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានជ្រើសរើសបេក្ខភាពជាក្រុមហ៊ុនចំនួន ២០ ក្នុងចំណោម ១២៨ ក្រុមហ៊ុន មកពីប្រទេសចំនួន ៣៥ សម្រាប់ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងផ្នែកត្រួតពិនិត្យនិងនិយតកម្មហិរញ្ញវត្ថុ។
ជាមួយគ្នានេះ គណៈកម្មការវាយតម្លៃឯករាជ្យក៏ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ១៤ រូប ដែលក្នុងនោះក៏មាន លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការទាំង ១៤រូបសុទ្ធសឹងជាថ្នាក់ដឹកនាំនិងជំនាញការអន្តរជាតិមកពីធនាគារកណ្តាល សកលវិទ្យាល័យល្បីៗ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពិភពលោក។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម G20 TechSprint ដែលបានចាប់ផ្តើមនៅខែមេសាឆ្នាំ ២០២០ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពលនៃបច្ចេកវិទ្យាក្នុងការផ្តល់ដំណោះស្រាយចំពោះការអនុលោមតាមបទប្បញ្ញត្តិបច្ចេកវិទ្យា (regtech) និងបញ្ហាប្រឈមនានានៃការត្រួតពិនិត្យ។ កាលពីថ្ងៃទី៦-៧ ខែសីហាកន្លងទៅ ក្រុមបេក្ខជនដែលជាប់ឈ្មោះបន្ទាប់ពីការជម្រុះជុំទី១ ទទួលបានឱកាសក្នុងការបង្ហាញនូវដំណោះស្រាយរបស់ពួកគេទៅកាន់គណៈកម្មការវាយតម្លៃឯករាជ្យ និងទទួលបានមតិយោបល់នានា មុនពេលទទួលបានការវិនិច្ឆ័យចុងក្រោយនៅខែតុលាឆ្នាំ២០២០។
នៅក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គំនិតផ្តួចផ្តើម TechSprint របស់ក្រុមប្រទេស G20 បានកត់សម្គាល់ថានិយតករនិងអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនឹងនៅតែបន្តធ្វើឱ្យប្រាកដថាប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដំណើរការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងបរិយាបន្ន។ គំនិតផ្តួចផ្តើមនេះក៏កត់សម្គាល់ផងដែរថា និយតករនិងអ្នកត្រួតពិនិត្យត្រូវមានឧបករណ៍នានា ដើម្បីកំណត់ភាពងាយរងគ្រោះ និងចែករំលែកព័ត៌មាននៅក្នុងនិងក្រៅប្រទេសឱ្យបានទាន់ពេលវេលា ហើយក៏លើកទឹកចិត្តដល់ក្រុមបេក្ខជនដែលចូលរួមក្នុងការប្រកួតប្រជែងឱ្យបង្កើតដំណោះស្រាយនានាដែលជួយគាំទ្រដល់ដំណើរការនេះផងដែរ៕
ដោយ៖ សិលា