ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងនៅក្នុងសាលាសង្កាត់ចោមចៅទី១ ខណៈអាជ្ញាធរបានហៅអតីតប្តីប្រពន្ធដែលបានលែងលះគ្នាជាយូរមកហេីយនិងបងថ្លៃមកដោះស្រាយគ្នាបញ្ហាមេីលថែកូនបែរជាអតីតបងថ្លៃស្ទុះមកវាយអតីតប្អូនថ្លៃបែកក្បាលទេីបប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងសាលាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ គ្រី សុខនី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ចំណែកជនបង្កឈ្មោះ ញឹម ឈិនលាង ភេទប្រុស អាយុ៣១ឆ្នាំ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានឲ្យដឹងថា រូបលោក និងប្រពន្ធបានរស់នៅមិនចុះសម្រុងគ្នារហូតឈានដល់ការលែងលះគ្នាតាមផ្លូវច្បាប់។ តុលាការបានកាត់សេចក្តីឲ្យកូនប្រុស និងកូនស្រី ទាំង២នាក់របស់លោករស់នៅជាមួយប្រពន្ធ ដោយលោកចេញថ្លៃចិញ្ចឹមប្រចាំខែ ប៉ុន្តែកូនប្រុសអាយុ៨ឆ្នាំមិនព្រមរស់នៅជាមួយម្តាយរបស់គេទេ និងដោយសារតែអតីតប្រពន្ធរបស់គាត់មើលថែកូនមិនបានល្អទើបលោកដាក់ពាក្យបណ្តឹងសុំប្តូរមេបា។
លោកបន្ដថា កូនប្រុសរបស់លោកបានមករស់នៅជាមួយលោកអស់រយៈពេល៣ខែមកហើយ។ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃកើតហេតុ ខណៈ: លោកកំពុងនៅផ្ទះសុខៗស្រាប់តែមានសមត្ថកិច្ចហៅរូបលោកមកដោះស្រាយជាមួយអតីតប្រពន្ធ និងបងថ្លៃនៅសាលាសង្កាត់ដើម្បីនិយាយដោះស្រាយគ្នារឿងកូន ។
ប្រភពបន្ដថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រូបលោក និងប្រពន្ធត្រូវឡើងតុលាការពាក់ព័ន្ធបណ្តឹងសុំប្តូរមេបា។
ជនរងគ្រោះបានឲ្យដឹងទៀតថា ពេលមកដល់សាលាសង្កាត់ ក៏ត្រូវបងថ្លៃដែលជាជនបង្កស្ទុះមកវាយខ្លួនពីក្រោយដោយក្នុងដៃមានរបស់រឹង បណ្តាលឲ្យបែកក្បាលហូរឈាមនៅក្នុងសាលាសង្កាត់ ដែលមានមន្ត្រីជាច្រើនរូបឈរមើល។
បន្ទាប់ពីកើតហេតុន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដោយសំណូមពរដល់សមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ និងចាត់ការជនបង្កតាមច្បាប់។ជនបង្កដែលជាបងថ្លៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕ ដោយ៖ សុខាសែនជ័យ