នៅថ្ងៃទី១២ ខែសីហា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោកJoe Biden និង ដៃគូក្នុងការឃោសនាបោះឆ្នោត គឺសមាជិកព្រឹទ្ធសភាលោកស្រី Kamala Harris ដែលលោកបៃឌិនជ្រើសរើសធ្វើជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។
លោក បៃឌិន បញ្ជាក់ថា ការជ្រើសរើសលោកស្រី Kamala Harris ធ្វើជាបេក្ខភាពអនុប្រធានាធិបតី គឺជារឿងត្រឹមត្រូវ ដែលអាចជួយឲ្យលោកយកឈ្នះទៅលើប្រធានាធិបតីដូណាល់ ត្រាំ។ លោកបៃឌិនបន្តទៀតថា លោកស្រីKamala Harris មានបទពិសោធន៍នៅក្នុងឆាកនយោបាយ ហើយយើងបានចាប់ដៃគ្នាដើម្បីកសាងទឹកដីអាមេរិក ឲ្យរឹងមាំឡើងវីញ។
ចំណែកលោកស្រីKamala Harris ក៏បានបង្ហាញផងដែរថា លោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមកៀកស្មាជាមួយលោកបៃឌិន ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី អាមេរិក។
ក្រោយការសម្រេចជ្រើសរើសលោកស្រីKamala Harris ធ្វើជាបេក្ខភាពអនុប្រធានាធិបតីអាមេរិក លោកបៃឌិនទទួលបានការគាំទ្រថវិកាខ្ពស់បំផុតមិនធ្លាប់មាន គឺក្នុងរយៈពេល២៤ម៉ោងទទួលបានការឧបត្ថម្ភដល់ទៅ២៦លានដុល្លារ៕